(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែន លេខ៧០១ ឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
អភិបាលខេត្តស្ទឹងត្រែង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះកងកម្លាំងទាំងអស់ ដែលកំពុងតែឈរជើង ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។
ជាមួយគ្នានោះ លោក ម៉ុម សារឿន ក៏បាននាំយកអំណោយ របស់សម្តេចក្រឡាហោម ស ខេង ជូនដល់អង្គភាពវរៈសេនាតូច នគរបាល ការពារព្រំដែនលេខ៧០១ ដែលមានថវិកាសរុបចំនួន ១៥,៦៥០,០០០រៀល, អង្ករ៥តោន, មុងការពារមូស២០០, ឱសថព្យាបាលជំងឺ គ្រុនចាញ់២៥ប្រអប់, តេស្តពិនិត្យជំងឺគ្រុនចាញ់២៥តេស្ត, ថ្នាំប៉ារ៉ា៥០០គ្រាប់, ថ្នាំវីតាមីនចម្រុះ៥០០គ្រាប់, ថ្នាំដាក់ទឹកស្អាត២,០០០គ្រាប់ និងជូនថវិកា ដល់កងម្លាំងម្នាក់ៗ ចំនួន៥០,០០០រៀល សម្រាប់ឱកាសបុណ្ឌភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ៕