(ភ្នំពេញ)៖ ឧកញ៉ា ជួប ច័ន្ទ ដែលពាក់ព័ន្ធការចេញសែកគ្មានសាច់ប្រាក់ជាងមួយលានដុល្លារអាមេរិក ត្រូវបានលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ តែនីតិវិធីនៅបន្តដដែល ពោលនៅពេលតំណាងអយ្យការកោះហៅពេលណា ត្រូវចូលទៅបំភ្លឺនៅពេលនោះ។
មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ចំពោះមូលហេតុ នៃការអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនេះ ដោយសារយោងលើ «ដីកាសម្រេចរក្សាការពារ ស្តីពីការរឹបអូសជាបណ្ដោះអាសន្ន» លេខ២៩៧"ង"ដ.រ ចេញដោយលោក ហេង សុខណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ។
មន្ត្រីដដែលបានបន្តថា យោងតាមដីកាសម្រេចរក្សាការពារ ស្តីពីការរឹបអូសជាបណ្ដោះអាសន្ន នេះ គឺសបញ្ជាក់ឱ្យឃើញថា សែកនេះត្រូវបានអស់សុពលភាពហើយ។ ដូច្នេះ វាមិនអាចបង្កើតបានជាបទល្មើសទេ។ ទោះបីយ៉ាងណា មន្ត្រីដដែលសង្កត់ធ្ងន់ថា «ឧកញ៉ា ជួប ច័ន្ទ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមែន តែនីតិវិធីតុលាការនៅដដែល»។
ចំពោះការអនុញ្ញាតឲ្យឧកញ៉ា ជួប ច័ន្ទ ត្រឡប់ទៅផ្ទះវិញនេះ ត្រូវបានដើមបណ្តឹងមិនពេញចិត្តនោះឡើយ និងសូមអំពាវនាវឲ្យមន្រ្តី តុលាការអនុវត្តតាមនីតិច្បាប់ជាធរមាន។
ឧកញ៉ា ជួប ច័ន្ទ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី១២ ខែកញ្ញា ពាក់ព័ន្ធការចេញសែកគ្មានសាច់ប្រាក់ជាងមួយលានដុល្លារ តាមការឯកភាពឱ្យឃាត់ខ្លួនរបស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន បញ្ជាក់ថា លោក លីវ វុទ្ធី តំណាងឱ្យក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់ បានដាក់ពាក្យប្តឹងឧកញ៉ា ជួប ច័ន្ទ ពីបទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួនជាងមួយលានដុល្លារអាមេរិក ។
ប្រភពបន្តថា ករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់នេះគឺ ឧកញ៉ា ជួប ច័ន្ទ បានរកស៊ីជាមួយ ក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ លើទឹកប្រាក់ប្រមាណ៣លានដុល្លារអាមេរិក។ ប៉ុន្តែក្រោយមក លោកឧញ៉ា គឹម កៅ បានទារប្រាក់នេះវិញ ទើបឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅឧកញ៉ា គឹម កៅ ដែលមានទឹកប្រាក់ជាងមួយលានដុល្លារអាមេរិក ដោយបានកំណត់ ឱ្យទៅបើកនៅធនាគារនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២១០៧។
ប៉ុន្តែពេលភាគីឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថាមូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ ។ ក្រោយបានទទួលពាក្យបណ្តឹងរបស់លោក លីវ វុទ្ធី រួចហើយ សមត្ថកិច្ចបានអញ្ជើញឧកញ៉ា ជួប ច័ន្ទ ឱ្យចូលបំភ្លឺលើពាក្យបណ្តឹងនេះ។ ពេលឧកញ៉ា ជួប ច័ន្ទ ចូលបំភ្លឺក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តងដោយយោងតាមការឯកភាពពីលោកស៊ិន វិរៈ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ៕