(បាត់ដំបង)៖ លោកបណ្ឌិត រស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកភ្នាក់ងារ កម្ពុជា នាវាចរ «កាំសាប» នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូសម្ព័ន្ធមេត្រីភាពផ្សារទំនើបសូរិយា ចុះសួរសុខទុក្ខនាយទាហាន ពលទាហាន គ្រួសារកងទ័ព នៅកងការពារព្រំដែនគោកលេខ ៥០២ ចំណុះភូមិភាគ៥។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោល ស គឹមប៉ាក់ មេបញ្ជាការរងភូមិភាគ៥ តំណាងលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ចាការរងកងទ័ពជើងគោក និងជាមេបញ្ជាការភូមិភាគ៥ និង នាយសេនាធិកានាយសេនាធិការរងភូមិភាគលេខ ៥ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៥០២ និងអភិបាលស្រុកសំទ្បូតផងដែរ។
ក្រោយអានរបាយការណ៌ស្វាគមន៍ និងថ្លែងអំណរគុណ របស់កងការពារព្រំដែនគោកលេខ៥០២រួចមក លោកបណ្ឌិត រស់ វណ្ណា បានលើកពីការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលដោយស្របតាមអនុសាសន៍ និងពាក្យស្លោកដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ នឹងផ្សាភ្ជាប់សមរភូមិមុខនិងសមរភូមិក្រោយ» និងបានបកស្រាយពីស្ថានភាពនយោបាយបច្ចុប្បន្ន នយោបាយភូតកុហករបស់គណបក្សប្រឆាំង។
ជាមួយគ្នានេះ លោកបណ្ឌិត រស់ វណ្ណា រួមនឹងសម្ព័ន្ធមេត្រីភាពផ្សារទំនើបសូរិយា បានឧបត្ថម្ភសំភារៈ រួមមាន៖ អង្ករ ស្បៀងអាហារ សំភារៈគ្រឿងសំណង់ ម៉ាស៊ីនគោយន្ត ម៉ាស៊ីនព្រីនធ័រ ទូរស័ព្ទ អាយកូម ព្រមទាំងថវិកាចំនួន ៤០,០០០រៀល ក្នុងមួយម្នាក់ដល់នាយទាហាន និងពលទាហានចំនួន ៣០០នាក់ ក្នុងកងការពារព្រំដែនគោកលេខ ៥០២ និងឧបត្ថម្ភអង្គពិធី ១,០០០,០០០ លានរៀល សរុបរួមជាទឹកប្រាក់ប្រមាណ ៨៥,៨៨៤,០០០ រៀល៕