(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១៣ថ្ងៃដំបូង នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋបានទៅ ចុះឈ្មោះជាង៨ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន២៩៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកញ្ញានេះ។
គ.ជ.ប បានឲ្យដឹងថា រយៈពេល១៣ថ្ងៃដំបូង នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ៨៥,៩៧៩នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕