(ភ្នំពេញ)៖ ភាពយន្តភាគរឿង «មន្តស្នេហ៍លេខា» ដែលទស្សនិកជនបានទស្សនារួចមកហើយ តាមរយៈកញ្ចក់ទូរទស្សន៍ PNN ត្រូវបានផលិតកម្ម មហាហង្ស សម្រេចកាត់យកឈុតឆាកពិសេសៗ ជាច្រើន ដើម្បីយកមកចាក់បញ្ចាំង តាមបណ្ដារោងភាពយន្ត ទំនើបៗឡើងវិញ ដោយបានធ្វើពិធីសម្ពោធ នាល្ងាចថ្ងៃទី១៣ ខែកញ្ញា នេះ ក្នុងនោះមានការអញ្ចើញចូលរួម ពីសំណាក់តារាសម្ដែងក្នុងរឿងជាច្រើននាក់ និង ផលិតករផងដែរ។
លោក អ៊ិន សុភិន ជាផលិតករ និងជាចាងហ្វាងផលិតកម្ម មហាហង្ស បានថ្លែងប្រាប់ឲ្យដឹងថា «ភាពយន្តរឿង មន្តស្នេហ៍លេខា ជាប្រភេទរឿងបែបមនោសញ្ចេតនា ទាន់សម័យ មានលាយឡំនឹងឈុតស៊ីអារម្មណ៍ ស្នេហា ក្ដៅរោលរាល ផ្លាស់ប្ដូរសង្សារពីមួយទៅមួយ ធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ ព្រឺព្រួចជាខ្លាំង។ ក្រោយពីចាក់បញ្ចាំង នៅលើទូរទស្សន៍ PNN រួចមក សង្កេតឃើញថា ទទួលបានការគាំទ្រច្រើន ពីមិត្តយុវវ័យ ដូច្នេះទើបផលិតកម្មមហាហង្ស សម្រេចយកខ្សែភាពយន្តនេះ មកចាក់បញ្ចាំងក្នុងទ្រង់ទ្រាយខ្នាតធំ ដែលឈុតឆាក នៅក្នុងទូរទស្សន៍មាន២១ភាគ។ ចំណែកការលើកយកបញ្ចាំង ក្នុងរោងកុនមានតែ១ម៉ោង៣០នាទី ពោលគឺដកស្រង់យកឈុតណា ដែលសំខាន់ៗ ស្របទៅតាមចិត្តអ្នកទស្សនា តែប៉ុណ្ណោះ»។
លោកបន្តទៀតថា ទោះបីជារឿង «មន្តស្នេហ៍លេខា» មានឈុតរោលរាល ពីសំណាក់តួអង្គក្នុងរឿងក៏ពិតមែន ប៉ុន្តែរឿងនេះ បានឆ្លងកាត់ការពិនិត្យត្រឹមត្រូវ ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានឲ្យចាក់បញ្ចាំងជាថ្មី នៅតាមបណ្ដារោងភាពយន្តទំនើបនានា ដោយក្នុងនោះ ក្រសួងបានហាមក្មេងក្រោមអាយុ១៥ ឆ្នាំចូលទស្សនា។ លោកបន្តថា បន្ទាប់ពីមានការគាំទ្រខ្លាំង ហើយការបញ្ចាំងក្នុងស្ថានីយទូរទស្សន៍ ត្រូវបានកាត់ចេញខ្លះ ដូច្នេះការបញ្ចាំងក្នុងរោងភាពយន្ត គឺឈុតស្រើបស្រាល ដែលកាត់ចេញនោះ នឹងត្រូវបញ្ចូលមកវិញ ដើម្បីឲ្យផ្ទៃរឿងទាំងមូល មានភាពទាក់ទាញខ្លាំង។
យ៉ាងណាក្ដី ការដាក់បញ្ចាំងនៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនេះ លោក អ៊ិន សុភិន បានរំពឹងយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រច្រើន និងជោគជ័យដូចរឿងកន្លងមក ព្រោះតែផលិតកម្ម បានសហការជាមួយក្រុមហ៊ុន «ពូព្រហ្ម» ជាអ្នកចែកចាយភាពយន្ត សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដែលអាចឲ្យផលិតកម្ម មានភាពភាពកក់ក្ដៅ និងគ្រប់គ្រងចំណូលបានល្អ។
សូមបញ្ជាក់ថា ភាពយន្តរឿង «មន្តស្នេហ៍លេខា» នឹងត្រូវដាក់បញ្ចាំងតាមបណ្ដារោងភាពយន្ត ទំនើបនានា ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ពោលគឺចំពេលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈការបញ្ចាំងតាមស្ថានីយទូរទស្សន៍ ត្រូវបានបញ្ចាំងចប់ទៅហើយ៕