(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ Hotline ជាមួយជនបរទេសនៅកម្ពុជា ប្រាប់ប្រធាននាយកដ្ឋាន និងស្នងការគ្រប់រាជធានី-ខេត្ត ត្រូវអនុវត្តបន្តដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគ ស្របតាមគោលនយោបាយ និងការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យទេសចរណ៍ និងវិនិយោគ។
ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ ថោង លីម ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ និងដាក់ទិសដៅការងារការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរបរទេស ស្ថានទូត មន្ត្រីការទូត និងអ្នកវិនិយោគិន ដល់បណ្ដានាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីឆ្លើយតបផែនការរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានដាក់ចេញកន្លងមក។
ក្រោយពីបានស្ដាប់របាយការណ៍ លទ្ធផលការងារប្រតិបត្តិការ របស់បណ្ដានាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលគ្រប់រាជធានី-ខេត្តទាំងអស់ នាយឧត្ដមសេនីយ៍ ថោង លីម បានណែនាំផ្ដល់អនុសាសន៍ និងបទពិសោធន៍ការងារ ដល់បណ្ដានាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋានគ្រប់រាជធានី-ខេត្ត ដែលជាសមាជិកក្រុមការងារ យកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរបរទេស ស្ថានទូត មន្ត្រីការទូត និងអ្នកវិនិយោគិន ដែលមានវត្តមាននៅកម្ពុជា ប្រកបដោយសុវត្ថិភាពខ្ពស់៕