(​ភ្នំពេញ)៖ ​ផ្សារ​ Jet's Container មានរៀបចំព្រឹត្តិការណ៍មួយ​ មានឈ្មោះថា «ភ្ជុំ​មហា​គ្រួសារ​ខ្មែរ​» ដែលធ្វើ​ឡើង​ក្នុង​គោល​បំណង​ ដើម្បី​អបអរសាទរ​​​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​​ ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​ដ៏ធំ តាំង​ពី​ដូន​តាមក​ និងដើម្បីជាការជួបជុំកម្សាន្តសប្បាយ មុនពេលដែលបងប្អូនប្រជាពលរដ្ឋ ទៅកាន់ស្រុកកំណើតរៀងៗខ្លួន ក្នុងឱកាសបុណ្យភ្ជុំនេះ។ ​អ្វី​ដែល​​ប្លែក​សម្រាប់អ្នកចូលរួម គឺកម្មវិធី​​មាន​​អ្នក​ដើរ​បង្ហាញ​ម៉ូដ​ តុប​តែង​ខ្លួន​ដូច​ប្រេត​ ខណៈកម្មវិធីនេះ មាន​លក្ខណៈ​ស្រដៀង​ទៅ​ នឹង​បុណ្យ​ Halloween របស់បរទេស ព្រោះ​ភ្ញៀវ​ តារា​ចម្រៀង Original Song និង​អ្នក​ដើរ​ម៉ូដ​​ តម្រូវ​ឲ្យ​តុប​តែង​មុខ​មាត់​ដូច​ប្រេត ​ខ្មោច ព្រាយ ជាដើម។

​​លោក​ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុម​ហ៊ុន​ «Jet's Container» បាន​ថ្លែងថា ព្រឹត្តិការណ៍​ដែល​រៀប​ចំឡើង​​ នៅ​ថ្ងៃ​ទី​១៦ខាង​មុខ​នេះ ក្នុងនោះ​អត់​មាន​ខ្ទង់​ចំណាយ​ ឬ​ចំណេញអ្វីទាំងអស់ ខណៈដែលកម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ឲ្យ​បងប្អូនសប្បាយរីករាយ មុននឹងទៅលេងស្រុកកំណើត។​ ក្នុងកម្មវិធីមានតារា​ចម្រៀង​ Original song ព្រម​ទាំង​តារា​សម្ដែង​ ​​ចូល​រួម​ប្រមាណ​ចន្លោះ​ពី​​៥០​ទៅ​​១០០ ដែលសុទ្ធសឹងជាអ្នក​ស្ម័គ្រ​ចិត្ត​​​ជួយ​ ដោយ​មិន​យក​កម្រៃ​ឡើយ​។

លោក​ឧក​ញ៉ា​ សង្ឃឹមយ៉ាងមុតមាំ​ថា​​ ​​​កម្មវិធី​នេះ​ នឹង​មាន​ភ្ញៀវ​ចូល​ចូល​រួម​ ​ចន្លោះ​ពី​៥០០០នាក់ ទៅ​​១០០០០​នាក់​ ហើយ​កម្មវិធី​នេះ​ នឹង​ទាក់​ទាញ​ភ្ញៀវ​បរទេស​ឲ្យ​កាន់​តែ​ស្គាល់​ ជំនឿ​នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ ដែល​បន្សល់​ទុក​តាំង​​ពី​ជំនាន់​​ ដូន​តា​មក​ម្ល៉េះ​។ ជាមួយគ្នានេះ យើងក៏បានលើកទឹកចិត្ត ដល់អាជីវករនៅក្នុងផ្សារ «Jet's Container»របស់យើង ឲ្យផ្ដល់ជូននូវ ការបញ្ចុះតម្លៃពិសេសណាមួយ ដល់អតិថិជន ដែលបានមកចូលរួម នៅក្នុងកម្មវិធីនេះ។

ដោយឡែកលោក ប៉ានី វិរៈរិទ្ធ ​​ប្រធាន​ផ្នែក​ផលិតកម្ម​វិធី​​ប្រចាំ​ក្រុម​ហ៊ុន​ Clip Media បាន​លើក​ឡើង​ថា​ ដោយ​សារ​តែ​អំឡុង​ពេល​នេះ ​ជា​រដូវ​កាល​ភ្ជុំ​បិណ្ឌ​ ទើប​រូប​លោក ​និង​ក្រុម​ហ៊ុន​២​ ផ្សេង​ទៀត​ចាប់​ដៃ​គ្នា​​បង្កើត​កម្មវិធី «ភ្ជុំ​មហា​គ្រួសារ​ខ្មែរ» នេះ​ឡើង​ក្នុង​គោល​បំណង​ ដើម្បី​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ បាន​លេង​កម្សាន្ត​ មុន​ពេល​ត្រឡប់​​ទៅ​ជួប​ជុំ​គ្រួសារ​ នៅ​ស្រុក​កំណើត​។ ​តែ​ទោះ​បី​ជា​ភ្ញៀវ​ ដែល​មិន​បាន​តុប​តែង​មុខ​មាត់​ដូច​ប្រេត​ បើ​សិន​ជា​ពួក​គាត់​ចង់​ចូល​រួម ពួក​​​គាត់​អាច​ចូល​រួម​បាន​ដូច​គ្នា​ ព្រោះ​កម្មវិធី​នេះ​យើង​អត់​លក់​​សំបុត្រ​នោះ​ទេ​ និងផ្ដល់​ជូន​ឲ្យ​បង​ប្អូន​ទស្សនា ​បាន​ដោយ​សេរី​។

​កម្មវិធី​ «ភ្ជុំ​មហា​គ្រួសារ​ខ្មែរ​» នឹង​ប្រព្រឹត្តិ​ទៅ​​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ ២០១៧ ​ខាង​មុខ​នេះ​ ត្រូវ​​នឹង​បិណ្ឌ​ទី​១១​ នៅ​ផ្សារ​ «Jet's Container» ចាប់​ពី​វេលា​ម៉ោង​​៧ យប់​ដល់​ម៉ោង​២​រំលង​អាធ្រាត្រ​​៕​​