(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីរដ្ឋាភិបាលវ៉ាស៊ីនតោន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស រិះគន់ រហូតដាក់ទណ្ឌកម្មមួយចំនួនលើផ្នែកការទូត មកលើរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធប្រព្រឹត្តការណ៍នៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ពីបទក្បត់ជាតិ។

ក្នុងនោះស្ថានទូតអាមេរិក បានលើកឡើងពីគុណសម្បតិ្តរបស់ខ្លូនមួយចំនួន​ រហូតដល់ចំណាត់ការកាន់តែធ្ងន់ឡើងបន្ដិចនោះ គឺការផ្អាកចេញទិដ្ឋាការដល់មន្ដ្រីគ្រាក់ៗ របស់ក្រសួងការបរទេសកម្ពុជា ចាប់ពីថ្នាក់អគ្គនាយក ដល់មន្ដ្រីកំពូល ព្រមទាំងការចេញសារព្រមានដល់ពលរដ្ឋរបស់ខ្លួនឲ្យប្រុងប្រយ័ត្នពីបញ្ហាសន្ដិសុខ នៅកម្ពុជាទៀតផង។

ជាមួយការចេញវិធានការណ៍មកលើកម្ពុជាបែបនេះ ត្រូវបានថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលក៏ដូចជាអ្នកនាំពាក្យ ព្រមទាំងក្រសួងការបរទេសកម្ពុជាផ្ទាល់ មិននៅស្ងៀមនោះឡើយ ក៏បានចេញប្រតិកម្មជាបន្ដបន្ទាប់ ត្រឡប់ទៅរដ្ឋាភិបាលអាមេរិកវិញ។ ជាមួយគ្នានេះមន្ដ្រីមួយរូប នៃក្រសួងការបរទេសកម្ពុជាក៏បានបញ្ចេញ ទស្សនៈផ្ទាល់ខ្លួន ផ្ញើជូនរដ្ឋាភិបាលអាមេរិកដោយមានចំណងជើងថា «សូមប្រាប់រឿងមួយ អ្នកគួរឈឺចាប់បើអ្នកជាខ្មែរ»​

ខ្លឹមសារទាំងស្រុង របស់មន្ដ្រីក្រសួងការបរទេស៖

គេបង្ខំយើងឲ្យទទួលយកអ្នកទោសខ្មែរដែលគេចាប់បញ្ជូនមកវិញ។ ខ្មែរទាំងនោះខ្លះកើតនៅជំរុំ មិនទាំងចេះនិយាយភាសាខ្មែរផង ព្រោះបានភៀសខ្លួនទៅរស់នៅ ស្រុកអាមេរិក តាំងពីតូចមកម្ល៉េះ។ កន្លងមកអ្នកនៅស្រុកអាមេរិកគេថា យើងឥតជួយការពារគេទេ។ ធ្វើខុសតិចតួច គឺដឹងតែត្រូវអាមេរិកចាប់បញ្ជូនមកវិញហើយ! ដឹងតែត្រូវបែកពីប្រពន្ធកូនជារៀងរហូត ព្រោះមកហើយ មិនអាចត្រឡប់ទៅវិញបានជារៀងរហូត។ ពេលមកដល់កម្ពុជា រកការងារធ្វើមិនបាន ព្រោះមានសម្លាកមុខ សម្លាកមាត់ សាក់ពេញខ្លួន ហើយបើអ្នកស្រុកខ្មែរដឹងថា អ្នកនោះធ្លាប់មានប្រវត្តិសម្លាប់មនុស្ស ដឹកអាភៀន ញៀនថ្នាំទៀតនោះ នរណាហ៊ានទទួលឲ្យធ្វើការ? ពេលរកការងារធ្វើអត់បាន មានតែដើរប្លន់! ៤៨នាក់កំពុងជាប់គុកសារជាថ្មីនៅស្រុកខ្មែរ។ ៤នាក់ផ្សេងទៀតបានធ្វើអត្តឃាត!

យើងគ្រាន់តែសុំឲ្យអាមេរិកផ្អាកចាប់បញ្ជូនពលរដ្ឋខ្មែរមកសិន ដើម្បីកែសម្រួលកិច្ចព្រមព្រៀងឆ្នាំ២០០២ ព្រោះការចាប់បញ្ជូនមកនេះវារំលោភសិទ្ធិមនុស្សពេក។ រាប់ទាំងសមាជិកព្រឹទ្ធសភាអាមេរិកផង សមាគមខ្មែរនៅអាមេរិកផង ពិភពលោកគេរិះគន់ជុំទិស។ យើងសុំកុំឲ្យបញ្ជូនជនដែលទទួលបានឋានៈជាជនភៀសខ្លួនរួចហើយ ព្រោះវាខុសច្បាប់អន្តរជាតិ។ ច្បាប់អន្តរជាតិចែងថា គេមិនអាចចាប់បញ្ជូនជនភៀសខ្លួនមកប្រទេសដើមវិញទេ។ យើងសុំកុំឲ្យគេចាប់បញ្ជូនមនុស្សចាស់ជរា និងអ្នកមានជម្ងឺរ៉ាំរ៉ៃមក។ យើងសុំឲ្យអាមេរិកបង្កើតមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្រៀនពួកគាត់ពីភាសាខ្មែរ បំណិនជីវិត ជំនាញជាង។ល។

មុននឹងធ្វើសមាហរណកម្មក្នុងសង្គមជាតិខ្មែរ ដើម្បីឲ្យពួកគាត់អាចរស់បានដោយខ្លួនឯង តែគេបែរជាថា យើងយឺតយ៉ាវ គេចវេះមិនទទួលពលរដ្ឋខ្លួន។ កិច្ចព្រមព្រៀងថ្មីដែលយើងស្នើទៅ ត្រូវគេឆូតចោលស្ទើរតែទាំងអស់។ ឥឡូវគេថែមទាំងដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការមកលើមន្រ្តីឯទៀត ដែលមិនពាក់ព័ន្ធនឹងរឿង នេះទាល់តែសោះ។ ស្ថានទូតគេនៅតែបន្តសម្ភាសន៍ តែមិនបង្វិលប្រាក់ថ្លៃទិដ្ឋាការឲ្យវិញទេ។ អ្នកដែលត្រូវគេចាប់បញ្ជូន មកវិញនាពេលកន្លងមក ទទួលបានតែលុយ៣២០ដុល្លារពីអាមេរិកប៉ុណ្ណោះ ឲ្យមកកសាងជីវិតថ្មីនៅកម្ពុជា! តើឲ្យពួកគាត់រស់របៀបម៉េច? យើងឥតត្រូវការលុយទេ យើងគ្រាន់តែស្នើឲ្យមហាអំណាចនេះទទួលខុសត្រូវឲ្យបានច្រើនជាងនេះក្នុងនាមជាមហាអំណាច។

ខ្មែរនៅអាមេរិកទាំងនោះ (ហើយដែលត្រូវគេចាប់បញ្ជូនមកវិញតាមអនុស្សារណៈឆ្នាំ២០០២) គឺអាមេរិកជាអ្នកមកដឹកយកទៅកាលពីសម័យសង្រ្គាម។ អាមេរិកមកទទួលយកទៅក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការជាមួយឧត្តមស្នងការជនភៀសខ្លួននៃអង្គការសហប្រជាជាតិ (UNHCR) មិនមែនពួកគាត់ហែលទឹកទៅស្រុកអាមេរិកដោយខ្លួនឯងទេ។ ពួកគាត់សុទ្ធតែមានឋានៈជាជនភៀសខ្លួនតាមលក្ខន្តិកៈក្រុងរ៉ូម។ មាត្រា៣២ នៃអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីអំពីសិទ្ធិជនភៀសខ្លួនចែងថា គេមិនអាចចាប់បញ្ជូនជនភៀសខ្លួនត្រឡប់ចូលប្រទេសដើមវិញទេ។ ម្យ៉ាងទៀតអ្នកទាំងនោះធំដឹងក្តីនៅអាមេរិក ដូច្នេះបើគេប្រព្រឹត្តបទល្មើស គឺមកពីលទ្ធផលនៃការអប់រំរបស់សង្គមអាមេរិក។ ហេតុអ្វីអាមេរិករុញឲ្យកម្ពុជាដ៏ក្រីក្រមកទទួលខុសត្រូវទៅវិញ?

ទណ្ឌកម្មទិដ្ឋាការដែលអាមេរិកដាក់នេះ មិនទាន់ប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ព្រោះទិដ្ឋាការដែលត្រូវហាម គឺ B1 (Business visa) និង B2 (Tourist visa) ហើយហាមតែចំពោះមន្ត្រីការបរទេសថ្នាក់អគ្គនាយកឡើង។ ដូច្នេះបើទៅប្រជុំ (Visa A1) ទៅបំពេញការងារ (visa G1) គឺមិនទាន់ពាក់ព័ន្ធទេ ហើយមន្ត្រីក្រសួងផ្សេងក៏មិនទាន់ពាក់ព័ន្ធដែរ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាយើងក៏ទើបតែនឹងទទួលបានទិដ្ឋាការអាមេរិកនៅល្ងាចម្សិលមិញ (១៣ កញ្ញា ២០១៧) សម្រាប់ទៅប្រជុំមហាសន្និបាទអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កនៅសប្តាហ៍ក្រោយ។ ហេតុនេះទណ្ឌកម្មនេះស្ទើរតែគ្មានឥទ្ធិពលអ្វីសោះ ប៉ុន្តែវាបង្កជារូបភាពអាក្រក់សែនអាក្រក់ដល់កម្ពុជា។ ការដាក់ទណ្ឌកម្មនេះ បានទម្លាក់មុខមាត់កម្ពុជាឲ្យស្មើនឹងប្រទេសហ្គីនេ អេរីត្រេ និងសេរ៉ាឡេអូន។ អ្នកគួរឈឺចាប់ បើអ្នកជាខ្មែរ៕

(រូបថតកិច្ចប្រជុំក្រុមការងារកម្ពុជា-អាមេរិក ពាក់ព័ន្ធនឹងគំរោងធ្វើវិសោធនកម្មអនុស្សារណៈស្តីពី មាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅក្រសួងការបរទេសកម្ពុជា)