(ភ្នំពេញ)៖ ឧកញ៉ា ជួប ច័ន្ទ ដែលត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធការចេញសែកគ្មានសាច់ប្រាក់ជាងមួយលានដុល្លារនោះ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវបានបញ្ជូនតុលាការ ហើយពេលនេះក៏កំពុងស្ថិតក្រោមការសាកសួរបន្ដរបស់ព្រះរាជអាជ្ញា ដើម្បីចាត់ការតាមច្បាប់។
ឧកញ៉ា ជួប ច័ន្ទ ដែលល្បីខាងរកស៊ីទិញលក់ដីធ្លី ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី១២ ខែកញ្ញា ពាក់ព័ន្ធការចេញសែកគ្មានសាច់ប្រាក់ជាងមួយលានដុល្លារ តាមការឯកភាពឱ្យឃាត់ខ្លួនរបស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមមន្រ្តីតុលាការ លោក លីវ វុទ្ធី តំណាងឱ្យក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់ បានដាក់ពាក្យប្តឹងឧកញ៉ា ជួប ច័ន្ទ ពីបទចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួនជាងមួយលានដុល្លារអាមេរិក ។
ករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់នេះគឺ ឧកញ៉ា ជួប ច័ន្ទ បានរកស៊ីជាមួយ ក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ លើទឹកប្រាក់ ប្រមាណ៣លានដុល្លារអាមេរិក។ ប៉ុន្តែក្រោយមកលោកឧញ៉ា គឹម កៅ បានទារប្រាក់នេះវិញ ទើបឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅ ឧកញ៉ា គឹម កៅ ដែលមានទឹកប្រាក់ជាងមួយលានដុល្លារអាមេរិក ដោយបានកំណត់ ឱ្យទៅបើកនៅធនាគារនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២១០៧។
ប៉ុន្តែពេលភាគីឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា មូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ។ ក្រោយបានទទួលពាក្យបណ្តឹងរបស់លោក លីវ វុទ្ធី រួចហើយ សមត្ថកិច្ចបានអញ្ជើញឧកញ៉ា ជួប ច័ន្ទ ឱ្យចូលបំភ្លឺលើពាក្យបណ្តឹងនេះ។ ពេលឧកញ៉ា ជួប ច័ន្ទ ចូលបំភ្លឺក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង ដោយយោងតាមការឯកភាពពីលោកស៊ិន វិរៈ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ៕