(ភ្នំពេញ)៖ កាលពីអំឡុងខែមេសា ឆ្នាំ១៩៧៥ អាមេរិកបានបំផ្លិចបំផ្លាញគ្រួសារខ្មែរ ដោយហុចភាគច្រើន នៃប្រជាជាតិខ្មែរឲ្យជាចំណីដល់ពួកខ្មែរក្រហមសម្លាប់ ហើយមេដឹកនាំមួយចំនួនទៀត យកទៅឲ្យរស់នៅសហរដ្ឋអាមេរិក។ នោះគឺជាការបំបែកបំបាក់នូវប្រជាជាតិមួយទាំងមូល។

ពេលនេះអាមេរិកប៉ងបំបែកបំបាក់គ្រួសារខ្មែរម្តងទៀត ដោយបញ្ជូនកូនខ្មែរនៃគ្រួសារ ដែលខ្លួនបានដឹកយកទៅកាលពីឆ្នាំ១៩៧៥ ពីកម្ពុជា និងពីឆ្នាំក្រោយៗ មកទៀតពីជំរុំនៅប្រទេសថៃទៅឲ្យវិលត្រឡប់មកកម្ពុជាវិញ។ ពេលនេះអាមេរិកប្រើល្បិចដ៏ចាស់គំរិលម្តងទៀតហើយ គឺដៃម្ខាងហុចចំណី ឯដៃម្ខាងទៀតកាន់ព្រនង់ចាំសំពង។ យើងគ្រាន់តែសុំឲ្យអាមេរិកផ្អាកចាប់បញ្ជូនពលរដ្ឋខ្មែរមកសិន ដើម្បីកែសម្រួលកិច្ចព្រមព្រៀងឆ្នាំ២០០២ ព្រោះការចាប់បញ្ជូនមកនេះ វារំលោភសិទ្ធិមនុស្សពេក បែរជាគេដាក់ទណ្ឌកម្មមកលើយើងទៅវិញ ហួសហេតុពេកហើយ។ ខ្ញុំសូមថ្កោលទោសល្បិចកល់ដ៏ពិសពុលនេះ ហើយសូមជំរាបលោកអាមេរិកថា ពាក្យ «ចក្រព័ទ្ធ» ដែលគេហៅលោក គឺមិនខុសមែន។

អាមេរិកបានប្រព្រឹត្តកំហុសច្រើនណាស់ មកលើប្រទេស និងប្រជាជនកម្ពុជារាប់ទាំងការទម្លាក់គ្រាប់បែកជាង២,៧លានតោន សម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់ បំផ្លាញផ្ទះសម្បែង សត្វពាហនៈ និងព្រៃព្រឹក្សាខ្មែរ និងតាមរយៈការទម្លាក់គ្រាប់បែកលើដីខ្មែរជំរុញឱ្យខ្មែរក្រហមឡើងកាន់អំណាចនាំនាវាកម្ពុជា ចូលក្នុងសោកនាដកម្ម មិនអស់ចិត្តអាមេរិកគាំទ្រខ្មែរក្រហម បន្តវាយប្រយុទ្ធប្រឆាំងនឹងការរស់រានរបស់ប្រជាជនកម្ពុជា រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាព។
អាមេរិកមិនដែលសុំទោសខ្មែរមួយម៉ាត់លើសោកនាដកម្មនេះឡើយ ហើយឥឡូវនេះអាមេរិក នៅតែបន្តមហិច្ឆតាបំផ្លាញខ្មែរដដែល! តែទោះកម្ពុជាជាប្រទេសតូច នឹងតស៊ូប្រឆាំងការប៉ុនប៉ងបំផ្លាញកម្ពុជារបស់ក្រុមជនក្បត់ជាតិមួយក្រុមតូច និងបរទេសអាងអំណាច!។

បើតាមការមើលឃើញសភាពការណ៍ដ៏សែនអាក្រក់នៅកម្ពុជា ដូចដែលស្ថានទូតអាមេរិក បានចេញសេចក្តីថ្លែងការណ៍ឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្ន នៅក្នុងការធ្វើដំណើរ ឬស្នាក់នៅកម្ពុជានោះ អាមេរិកគួរតែយកឧទ្ធម្ភាគចក្រមកដឹកពលរដ្ឋរបស់ខ្លួនចេញពីកម្ពុជា ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីខែមេសា ឆ្នាំ១៩៧៥។ តែនេះសាលារៀនអាមេរិកាំង ស្ថាប័នអាមេរិកាំង ជាពិសេសស្ថានទូតអាមេរិក នៅបន្តបើកទ្វារនៅកម្ពុជាទេតើ! ស្ថានទូតអាមេរិកហាក់ដូចជា ទុទិ្ទដ្ឋិនិយមហួសហេតុ ឬមួយជាចេតនា?៕

សារពីអ្នកដែលរងគ្រោះដោយសារចក្រព័ទ្ធតាំងពីឆ្នាំ១៩៧០ម្នាក់