(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការខកចិត្ត ចំពោះសេចក្តីថ្លែងការណ៍របស់ ឧត្តមស្នងការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅនេះ ដែលបានវាយប្រហារមកលើវិធានការផ្ទៃក្នុង របស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ បានបង្កើតជាចម្ងល់លើអភិក្រមរបស់ខ្លួនចំពោះនីតិរដ្ឋ ដែលជាផ្នែកសំខាន់នៃស្ថាប័នដ៏គួរឱ្យគោរពនេះ និងការគោរពរបស់គាត់ចំពោះឯករាជ្យភាពរបស់តុលាការកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានស្នើឱ្យឧត្តមស្នងការសិទ្ធិមនុស្សធ្វើការបំភ្លឺនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា តើផ្អែកលើមូលដ្ឋានអ្វីដែលបុគ្គលប្រព្រឹត្តទង្វើក្បត់ជាតិ និងសន្ទិដ្ឋិភាពជាមួយបរទេស អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើសកម្មភាពតាមអំពើចិត្តដោយមិនមានច្បាប់អនុញ្ញាត និងសារព័ត៌មានមិនបានបង់ពន្ធ អាចគេចផុតពីការពង្រឹងការអនុវត្តច្បាប់?
ក្រសួងការបរទេស បានបញ្ជាក់ទៀតថា សិទ្ធិនយោបាយ និងសិទ្ធិស៊ីវិល សេរីភាពសារព័ត៌មាន សេរីភាពនៃការជួបជុំនិងបញ្ចេញមតិ ត្រូវបានការពារយ៉ាងពេញលេញនៅកម្ពុជា ហើយមនុស្សគ្រប់រូប កំពុងទទួលបានសេរីភាពទាំងនេះ លើកលែងតែបុគ្គលដែលរំលោភច្បាប់ ដែលមានចំនួនតិចតួចបំផុត។ ការជ្រើសរើសយកករណីទាំងនេះ ដើម្បីពណ៌នារូបភាពទាំងស្រុងរបស់កម្ពុជា គឺជាការវិនិច្ឆ័យខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ហើយការពារអ្នករំលោភច្បាប់ ក្នុងនាមសិទ្ធិមនុស្ស គឺជាការដើរផ្ទុយពីបេសសក្មរបស់ស្ថាប័នគួរឱ្យគោរពនេះ។
សូមបញ្ជាក់ថា លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូសេន ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងកិច្ចប្រជុំលើកទី៣៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧បានសម្ដែងក្ដី ព្រួយបារម្ភយ៉ាងខ្លាំង អំពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។
មិនត្រឹមតែប៉ុណ្ណោះ លោក អាល់ ហ៊ូសេន ក៏បានលើកឡើងផងដែរ អំពីការបិទអង្គការសង្គមស៊ីវិលអន្ដរជាតិ NDI ការដកហូតអាជ្ញាប័ណ្ណរបស់វិទ្យុមួយចំនួន និងការបិទទ្វាររបស់កាសែត The Cambodia Daily ផងដែរ។ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធានានូវសិទ្ធិនយោបាយ សិទ្ធិស៊ីវិល និងសេរីភាពប្រព័ន្ធផ្សព្វផ្សាយពេញលេញ មុនពេលការបោះឆ្នោតជាតិនៅឆ្នាំក្រោយ៕