(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាមួយលោក ហ្សឿង ង៉ុកទិន (Doung Ngoc Tan) អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
ក្នុងជំនួបនោះលោក ហ្សឿង ង៉ុកទិន អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចការងារ
នៅកម្ពុជា លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសាសនារ វាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម សម្រេចបានលទ្ធផលជាទីពេញចិត្ត និងសូមកោតសរសើរដល់គណៈកម្មាការទទួលបន្ទុកកិច្ចការសាសនា នៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងធម្មការ និងសាសនា កម្ពុជា ដែលបានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អ ពង្រឹង ពង្រីក និងលើកកម្ពស់សមិទ្ធិផលការងារក្នុងការគ្រប់គ្រងរដ្ឋលើវិស័យសាសនា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
លោកស្រីឧបនាយករដ្ឋមន្ត្រី បន្ដថា ឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញកម្ពុជា ការងារគ្រប់គ្រងកិច្ចការងារសាសនា ដែលមានក្រសួងធម្មការ និងសាសនា ជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានអនុវត្តការងារដោយសហការ ជាមួយស្ថាប័ន ពាក់ព័ន្ធ ពិសេសគណៈសង្ឃទាំង០២គណៈ គឺគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ ក៏ដូចវិស័យពាហិសាសនាផងដែរ។
លោកស្រីបានបញ្ជាក់ថា «នៅកម្ពុជាមានសុខដុមនីយកម្ម រវាងសាសនិកនៃគ្រប់សាសនា ប្រឆាំងការរើសអើង បែងចែកនៅក្នុងចំណោមមហាជន ដែលបណ្តាលមកពី ភាពខុសគ្នាខាងសាសនាសំដៅប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងជំរុញការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ និងលើកម្ពស់តម្លៃសីលធម៌។ រាជរដ្ឋាភិបាលបានទប់ស្កាត់ យកសាសនាទៅធ្វើអាជីវកម្ម និងបង្កជាវិបត្តិសាសនា»។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្ថែមទៀតថា កម្ពុជា និងវៀតណាម មានកិច្ចសហប្រតិបត្តិការលើវិស័យសាសនារវាងកម្ពុជា-វៀតណាម ដែលមានក្រសួងធម្មការ និង សាសនាកម្ពុជាបានចុះ MOU ជាមួយគណៈកម្មាធិការ សាសនា រដ្ឋាភិបាលវៀតណាមចំនួន០២លើករួមមាន៖ លើកទី១ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ និងលើកទី២ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីកិច្ចសហប្រតិបត្តិ ការលើវិស័យសាសនា។
លោកស្រីថា លើកទី២៖ ផ្អែកលើការអនុវត្តស្មារតី MOU នេះ គណៈប្រតិភូការងារសាសនានៃប្រទេសទាំង០២ កម្ពុជា-វៀតណាម បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកទាំងប្រតិភូកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ធ្វើឲ្យកិច្ចសហប្រតិបត្តិការ លើវិស័យសាសនាកាន់តែពង្រឹង ពង្រីកចំណង មិត្តភាព សាមគ្គីភាព៕