តុលាការកំពូល បញ្ចប់សវនាការរឿងក្ដី អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក ហេង ពៅ, សាលដីកាត្រូវប្រកាសនៅថ្ងៃទី២៧ ខែកញ្ញា! (Video inside)
13-09-2017 14:31
(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ បើកសវនាការរឿងក្ដី លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ចំនួនពីរសំណុំរឿង តែសវនាការធ្វើបានតែមួយសំណុំរឿងប៉ុណ្ណោះ។
មន្ត្រីតុលាការកំពូលថ្លែងថា សំណុំរឿងទី១ គឺបទល្មើស «រក្សាទុកប្រាក់ក្លែងក្លាយ» ប្រព្រឹត្តនៅផ្ទះលេខ៩ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ និងសំណុំរឿងទី២ គឺបទល្មើស «បង្ខាំងមនុស្សខុសច្បាប់» ប្រព្រឹត្តនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០៣។
សវនាការនេះដឹកនាំដោយលោក សឹង បញ្ញាវុឌ្ឍ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ច័ន្ទ តារារស្មី ជាតំណាងមហាអយ្យការ។
លោក នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូល ថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា តុលាការកំពូល បានដំណើរការក្តីតែករណី «រក្សាទុកប្រាក់ក្លែងក្លាយ» ប៉ុណ្ណោះ។ រីឯសំណុំរឿង «បង្ខាំងមនុស្សខុសច្បាប់» គឺពុំបានបើកសវនាការទេ។
លោកអះអាងថា «ក្រោយបញ្ចប់សវនាការ តុលាការកំពូល បានលើកពេលប្រកាសសាលដីកា ទៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះវិញ»។
មន្ត្រីតុលាការបញ្ជាក់ថា បច្ចុប្បន្នលោក ហេង ពៅ មានទោសជិត១០០ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំៗ ជាពិសេសករណីប៉ុនប៉ងបាញ់សម្លាប់ លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព និងប៉ុនប៉ងបាញ់សម្លាប់លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជា អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍៕