(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «Thailand Fashion & Lifestyle 2017» បង្ហាញម៉ូដសម្លៀកបំពាក់ យ៉ាងស្រស់ស្អាតនៅចំកណ្តាល ផ្សារទំនើប AEON ក្រោមវត្តមានរបស់កំពូលតារាបង្ហាញម៉ូដជនជាតិថៃ និងជនជាតិខ្មែរជាច្រើននាក់ ឡើងបង្ហាញរូបសម្រស់ ជាមួយការគ្រងម៉ូដសម្លៀកបំពាក់ បែបទាន់សម័យគួរជាទីទាក់ទាញបំផុត។ ជាមួយនឹងវត្តមានថ្មី នៃក្រុមហ៊ុនជាច្រើនមកពីប្រទេសថៃ ក្នុងគោលបំណងចាប់ដៃ សហការយ៉ាងជិតស្និទ្ធ ជាមួយពាណិជ្ជករកម្ពុជា លើគ្រប់វិស័យនោះ កាលពីល្ងាចថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៧ នេះ មហាជនជាច្រើននាក់បានសម្ដែងនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលបានឃើញវេទិការនៃការ «Thailand Fashion & Lifestyle 2017» នៅផ្សារទំនើបអេអនម៉ល។
លោក ជីរ៉ាវុធ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃ នៅកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីនេះឲ្យដឹងថា តាមរយៈព្រឹត្តិការណ៍ «Thailand Fashion & Lifestyle 2017» នេះ បានបង្ហាញឲ្យឃើញពីភាពជោគជ័យ នៃកិច្ចសហការពាណិជ្ជកម្ម ទ្វេភាគីរវាង កម្ពុជា-ថៃ ក្រោមរូបភាពនាំចូលទំនិញ គ្រប់ប្រភេទមកផ្គត់ផ្គង់ តាមតម្រូវការរបស់ប្រទេសមួយនេះ ។
លោក ជីរ៉ាវុធ សុវណ្ណាអាត បានសង្កត់ធ្ងន់ទៀតថា ប្រទេសកម្ពុជា គឺជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់បំផុត របស់ប្រទេសថៃ ដែលកាលពីឆ្នាំ ២០១៦កន្លងទៅនោះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានទឹកប្រាក់រហូតដល់ ៥,៦០៩លានដុល្លារសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០១៧នេះ ក៏នៅតែមានការកើនឡើង គួរជាទីមោទនៈបំផុត។
នៅក្នុងឱកាសជាមួយគ្នានេះ លោក ជីរ៉ាវុធ សុវណ្ណាអាត ក៏បានប្តេជ្ញាថា ក្នុងនាមជាអគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅកម្ពុជា លោកនឹងព្យាយាមខិតខំជំរុញវិស័យពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ថៃ ឲ្យកាន់តែមានភាពរីកចម្រើន បន្ថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ជាមួយគ្នានេះ ក្រៅពីមានការបង្ហាញម៉ូដសម្លៀកបំពាក់ ដ៏ស្រស់ស្អាតជាច្រើនឈុតសម្រាប់សុភាពនារី ក៏មានការបង្ហាញម៉ូដឈុតសម្លៀករបស់កុមារផងដែរ ដែលរាល់ម៉ូដសម្លៀកបំពាក់ទាំងនោះ សុទ្ធតែបានកែច្នៃដោយអ្នក ជំនាញល្បីៗជាជនជាតិថៃ៕