ជនទំនើង៧នាក់ ព្រួតវាយជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់, កម្លាំងនគរបាលខេត្តព្រះសីហនុ តាមបង្ក្រាបបាន៣នាក់ និង៤នាក់ទៀតកំពុងរត់គេចខ្លួន
13-09-2017 12:31
(ព្រះសីហនុ)៖ ក្រុមក្មេងទំនើងចំនួន៧នាក់ បានព្រួតវាយជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារមានទំនាស់ពាក្យសំដី ប៉ុន្តែជនទំនើងចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណរិន្ទ ស្នងការនគរបាលខេត្ត តាមបង្ក្រាបបានភ្លាមៗ ខណៈ៤នាក់ទៀតកំពុងរត់គេចខ្លួន ដែលកម្លាំងនគរបាលក៏កំពុង តាមចាប់ផងដែរ។
មន្រ្តីនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ហេតុការណ៍បង្កអំពើហិង្សាខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅនៅវត្តវាលមាស ឃុំវាលរេញ។
មន្រ្តីនគរបាលបានបន្តទៀតថា ជនបង្កទាំង៧នាក់រួមមាន៖ ទី1.ឈ្មោះ បុត្រ ធី អាយុ១៨ឆ្នាំ មុខរបរកម្មករហ្គាស ទី2.ឈ្មោះ ណាត ជីវ៉ា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទី3.ឈ្មោះ ហឺយ គឹមហេង អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង៣នាក់ រស់នៅភូមិសំរុងលើ ឃុំសំរុង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន។ ដោយឡែក៤នាក់ទៀតដែលមិនទាន់ចាប់បានរួមមាន៖ ទី1.ឈ្មោះ ណាត ចន្ថា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅដូចអ្នកខាងលើ និង៣នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានប្រើកាំបិត កាប់ទៅលើជនរងគ្រោះ ឈ្មោះ ធីម អីម អាយុ២៦ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិសំរុងលើ ឃុំសំរុង របួសកញ្ចឹងក ហើយបច្ចុប្បន្នកំពុងសំរាកព្យាបាលនៅពេទ្យ ឯកជនវាលរេញ។
ក្រោយបង្ក្រាបក្រុមទំនើងទាំងនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួនផងដែររួមមាន៖ អាវុធស្នប់1ដើម, កាំបិតចំនួន1, ដំបងដែកចំនួន1 និងដាវសាមូរ៉ៃចំនួន1៕