(បាត់ដំបង)៖ ផ្លូវដែលនឹងក្លាយជាផ្លូវនៃចរន្ដសេដ្ឋកិច្ចដ៏សំខាន់ ពីសេកសក-សំឡូត ទៅកាន់ព្រំដែនកម្ពុជាថៃ ច្រកទ្វារព្រំដែនតំបន់៤០០ ដែលបានសាងសង់ នៅចុងឆ្នាំ២០១៥កន្លងទៅនេះ ត្រូវសាងសង់បាន៩៣ភាគរយហើយ ដែលតាមគម្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ខាងមុខនេះ។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ បានដឹកនាំគណៈប្រតិភូបច្ចេកទេសក្រសួង អមដំណើរដោយតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យស្ថានភាព នៃការសាងសង់ផ្លូវលេខ១៥៧៧ ដើម្បីធានាគុណភាពនៃការប្រើប្រាស់បានរឹងមាំ។
ផ្លូវនេះមានប្រវែងសរុបចំនួន៥១,៨៤០គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ សាងសង់ឡើងដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន Guangzhou Wanna Construction Supervision Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រាក់កម្ចី សម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុប ប្រមាណជាង៣៧លានដុល្លារ ជាប្រភេទផ្លូវ DBST។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអញ្ជើញពិនិត្យលទ្ធភាព នៃការសាងសង់ផ្លូវឡើងភ្នំ នៅច្រកទ្វារព្រំដែនតំបន់៤០០ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ តភ្ជាប់ជាមួយផ្លូវខាងភាគីថៃ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ទំនិញឆ្លងកាត់អាចដំណើរការបានងាយស្រួល និងបាននាំយកថវិកាឧបត្ថម្ភមួយចំនួន ចែកជូនដល់នគរបាលការពារព្រំដែនច្រកទ្វារតំបន់៤០០ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរផងដែរ។
នៅពេលសាងសង់រួចជាស្ថាពរ ផ្លូវនេះជាច្រករបៀងសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ និងការដឹកជញ្ជូនទំនិញ ឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ នៃរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន នៅច្រកទ្វារព្រំដែនប៉ោយប៉ែត ក៏ដូចជាការជួយសម្រួលដល់ការធ្វើ ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានឆាប់រហ័សផងដែរ៕