(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីរាប់បាត្រ ដាឆ្លងកាន់បិណ្ឌវេណទី៨នៅវត្តធម្មសាធរាម (វត្តភ្នំ៩៣) ឃុំអូរស្រឡៅ និងបានជួបសំណេះសំណាលជាមួយគណៈកម្មាធិការសាខាបក្សភូមិ ក្នុងឃុំអូរស្រឡៅ មានសមាជិកសមាជិកាចូលរួមចំនួនជាង១២០០នាក់នៅក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា តំបន់ម៉ាឡៃ គឺជាសមរភូមិសង្រ្គាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវរវាងខ្មែរនឹងខ្មែរ ប្រជាពលរដ្ឋបានបោះបង់ចោលផ្ទះសម្បែង ភូមិករដើម្បីគេចពីគ្រោះថ្នាក់នៃគ្រាប់រំសេវ ទីនេះហើយជាទីតាំងបង្ហូរឈាមស្រស់ សាច់ស្រស់របស់យុវជនកូនប្រជាពលរដ្ឋយើងមានអ្នកខ្លះ បានបាត់បង់ជីវិត អ្នកខ្លះបានរងរបួសពិការដាច់ដៃជើងវេទនា ព្រាត់ប្រាស់ប្តីប្រពន្ធកូន កុមារ យុវជនមិនបានទៅសាលារៀនប្រជាពលរដ្ឋគ្មានពេលធ្វើស្រែចម្ការ នាំមកនូវភាពអវិជ្ជា ក្រីក្រលំបាក។
ពេលនោះមិនមានគណបក្សណាមកធ្វើការសន្យាឬជួយដោះស្រាយ នូវសម្រែកហៅរកសេចក្តីសុខរបស់ប្រជាពលរដ្ឋឡើយ ក្នុងដំណាក់កាលនោះគណបក្សប្រជាជន ដែលជាគណបក្សរបស់ប្រជាជន រួមសុខទុក្ខជាមួយប្រជាជន ដៃម្ខាងកសាងប្រទេស និងការពារប្រជាជន រក្សាសន្តិសុខភូមិករពីការលួចឆក់ប្លន់ដុតផ្ទះសម្បែង ប្រជាពលរដ្ឋយើងពីសំណាក់ពួកទ័ពព្រៃប្រតិកិរិយា និងដៃម្ខាងស្វែងរកសន្តិភាពជូនប្រទេសតាមរយៈកិច្ចចចារសន្តិភាពបង្រួមបង្រួមជាតិ។
ក្រោយមកក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាទាំងមូលមានសុខសន្តិភាព សណ្តាប់ធ្នាប់របៀបរៀបរយសង្គមពេញផ្ទៃប្រទេសសង្គ្រាមផ្ទៃក្នុងខ្មែរ និងខ្មែរត្រូវបានបញ្ចប់ធ្វើឱ្យគណបក្សប្រជាជនមានពេលវេលា ដោយរួមគ្នាជាមួយប្រជាជនកសាងបានមកវិញនូវផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសង្គមរីកចម្រើនទៅមុខលើគ្រប់វិស័យ ការអនុគ្រោះមិនយកពន្ធដីធ្លី គ្រឿងបរិក្ខារបម្រើដល់វិស័យកសិកម្ម ការប្រែក្លាយតំបន់ដែលធ្លាប់ តែច្បាំងវាយប្រយុទ្ធគ្នាទៅជាតំបន់សន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម គឺដើម្បីសម្រួលជីវភាពរស់នៅកាត់បន្ថយបាននូវភាពក្រីក្រជូនប្រជាពលរដ្ឋយើងឱ្យបានកាន់តែឆាប់រហ័ស ដែលយើងបានឃើញទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តថា ដោយសារជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនធូរធារនិងប្រទេសមានសន្តិភាព សន្តិសុខទើបយើងអាចមកអង្គុយធ្វើបុណ្យជាមួយគ្នាបាន និងសូមអរគុណដល់ប្រជាលរដ្ឋទាំងអស់ បានចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់សម្តេចដែលជាថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនទាំងអស់ដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្ស និស្សិតប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបានសំណូមពរឱ្យអ្នកបោះឆ្នោតទាំងអស់បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។
ជាមួយវប្បធម៌ចែករំលែក និងជាការគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងឃុំអូរស្រឡៅស្រុកម៉ាឡៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវអំណោយជាទ្រនាប់ដៃ មាន៖
១.ប្រជាពលរដ្ឋចំនួនជាង១២០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១, ២.ថវិកាបច្ច័យបុណ្យប្រគេនវត្តធម្មសាធរាម(វត្តភ្នំ៩៣)ចំនួន៥.១៤០.០០០រៀល, ៣.អង្ករ២០០គីឡូក្រាម, ៤.ទឹកស៊ីវអ៊ីវ១០យួរ, ៥.ទឹកត្រី១០យួរ, ៦.ទឹកសុទ្ធ១០កេស, ៧.មី១០កេស, ៨.ទឹកក្រូច៥កេស, ៩.ទឹកផ្លែឈើ៥កេស, ១០.ជូនថវិកាឧបត្ថម្ភសាខាបក្សភូមិទាំង៨ក្នុង១សាខា២០ម៉ឺនរៀល, ១១.គណបក្សឃុំអូរស្រឡៅ១លានរៀល ,១២.ថវិកាដល់គណបក្សឃុំទាំង៥ ឃុំតាគង់ ឃុំម៉ាឡៃ ឃុំបឹងបេង ឃុំអូរសំព័រ ឃុំទួលពង្រ ក្នុង១ឃុំទទួលបានថវិកា៥០ម៉ឺនរៀល,១៣.សាលារៀន១ខ្នង៦បន្ទប់ នៅឃុំអូរស្រឡៅ, ១៤.ផ្លូវបេតុង១ខ្សែ១៤០០ម៉ែត្រ, ១៥.ស្ពានបាលេមួយខ្សែប្រវែង២៤ម៉ែត្រនៅភូមិអូរកាច់ឃុំបឹងបេង,១៦.អណ្ដូងស្នប់ចំនួន៧អណ្ដូង និង១៧.លូទឹក៨កង់៕