(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ ប្រមាណជិត២ពាន់គីឡូម៉ែត្រក្រឡា ដែលត្រូវធ្វើការបោសសម្អាតឲ្យអស់នៅត្រឹមឆ្នាំ២០២៥។

ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី សេរី កុសល ធ្វើឡើងក្នុងឱកាសលោកអនុញ្ញាតឲ្យគណៈប្រតិភូថៃចំនួន០៥រូប ដឹកនាំដោយលោកឧត្តមសេនីយ៍ Prasopchai Kongburan អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនប្រទេសថៃ​​ (TMAC) ចូលជួបសំដែងការគួរសម​ និងពិភាក្សាការងារផ្លាស់ប្តូរបទពិសោធន៍លើវិស័យសកម្មភាពមីន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនពីអាណត្តិការងាររបស់អាជ្ញាធរមីន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយដៃគូអភិវឌ្ឍ ដែលបានប្រឹងប្រែងឆ្លើយតបយ៉ាងសកម្ម នូវតម្រូវការផ្នែកមនុស្សធម៌ និងការអភិវឌ្ឍដោយធ្វើការបោសសម្អាតផ្ទៃដី មានមីនជាច្រើនម៉ឺនហិកតា ជូនដល់ប្រជាពលរដ្ឋសម្រាប់ធ្វើស្រែចំការ សង់លំនៅដ្ឋាន សាលារៀន វត្តអារាម ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ។

អនុប្រធានទី១ អាជ្ញាធរមីនរូបនេះ បានបន្តលើកឡើងថា «កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់​ ប្រមាណជិត២ពាន់គីឡូម៉ែត្រក្រឡា ដែលត្រូវធ្វើការបោសសម្អាតអោយអស់នៅត្រឹមឆ្នាំ២០២៥»

លោកបានបញ្ជាក់ថា បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែជាបញ្ហាចម្បង និងអាទិភាពសម្រាប់កម្ពុជា ដែលនៅក្នុងឆ្នាំ២០១៧ គិតចាប់ពីខែមករាដល់បច្ចុប្បន្ន កម្ពុជាមានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ​៤១នាក់។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានស្នើសុំឲ្យមានទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ វិស័យមីនរវាងប្រទេសទាំងពីរ និងការបន្តគាំទ្រជំនួយជាជើងសប្បនិម្មិត ដល់ជនរងគ្រោះដោយសារមីននៅកម្ពុជា ក៏ដូចជាការបន្តកិច្ចសហការ លើការបោសសម្អាតមីន នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

លោក Prasopchai Kongburan បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើវិស័យសកម្មភាពមីន ពិសេសបទពិសោធន៍របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ ដែលជាគំរូដល់បណ្តាប្រទេសនានា ក៏ដូចជាប្រទេសថៃសិក្សាដកស្រង់ នូវបទពិសោធន៏ល្អៗ ដើម្បីយកទៅអនុវត្តក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន ឲ្យកាន់តែមានប្រសិទ្ធភាព៕