(ភ្នំពេញ)៖ វេលាម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នៅថ្ងៃទី១២ ខែកញ្ញា ម្សិលមិញនេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តាមរយៈពិព័រណ៍នៅទីក្រុងណាននីង ផលិតផលរបស់កម្ពុជាជាច្រើន ជាពិសេសផលិតផលកសិកម្មបានកំពុងហូរចូលទៅកាន់ប្រទេសចិន។ ការហូតចូលទំនិញកសិផលរបស់កម្ពុជានេះ បានពង្រីកទីផ្សារ និងពង្រឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានទំហំធំឡើងជារៀងរាល់ឆ្នាំ។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា តាមរយៈការតាំងពិព័រណ៍ចិន-អាស៊ានដែលធ្វើឡើងរៀងរាល់មួយឆ្នាំម្តងនេះ ក៏ជួយធ្វើឲ្យទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តក្វាងស៊ី ក៏កាន់តែជិតស្និទ្ឋ ហើយជាពិសេសទំនាក់ទំនងនិងសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា ក៏កាន់តែឈានទៅកាន់កម្រិតខ្ពស់ជាបន្តបន្ទាប់។
ក្រៅពីការចូលរួមបើកពិព័រណ៍ចិន-អាស៊ានហើយនោះ ក្នុងដំណើរទៅកាន់ក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ដែលធ្វើឡើងកាលពីថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបជាមួយមន្រ្តីជាន់ខ្ពស់របស់ចិនមានដូចជា លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន និងលោក សុង ថាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្តជាដើម។
ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងបក្សកុម្មុយនីស្តចិននេះ សម្តេចតេជោ ហ៊ុន សែន ត្រូវទទួលស្វាគមន៍ប្រកបដោយភាពស្និទ្ធ ស្និល និងកក់ក្តៅជាទីបំផុត។ មន្រ្តីជាន់ខ្ពស់ចិនទាំងពីររូបសុទ្ធតែបានបង្ហាញការប្តេជ្ញាចិត្តក្នុងការជួយដល់ប្រទេសគ្រប់កាលៈទេសៈ និង ដោះស្រាយរាល់ទុក្ខលំបាករបស់កម្ពុជា។
មន្រ្តីជាន់ខ្ពស់របស់ចិននេះ ថែមទាំងបញ្ជាក់អះអាងថែមទៀតថា នឹងប្រឹងប្រែងពូនជ្រុំ និងរក្សាទំនាក់ទំនងរវាងចិន និងកម្ពុជាជាងពាក់កណ្តាលសតវត្សរន៍មិនឲ្យបរទេសណាមកបំបែកបំបាក់បានឡើយ។
នៅមុនការចាកចេញពីប្រទេសចិន ត្រឡប់មកប្រទេសកម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រ Facebook ថា ចិន គឺជាខ្នងបង្អែកដ៏រឹងមាំរបស់កម្ពុជា។
ដំណើរទៅកាន់ទីក្រុងណាននីង ខេត្តក្វាងស៊ីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបជាមួយអភិបាលខេត្តខ្វាងស៊ី ដែលមានប្រជាពលរដ្ឋ ប្រមាណជា ៥០លាននាក់ ដើម្បីពិភាក្សាពីការងារមួយចំនួន ដើម្បីពង្រីកការធ្វើពាណិជ្ជរវាងប្រទេសកម្ពុជា និងខេត្តក្វាងស៊ី។
សម្តេចតេជោ ហ៊ុន សែន ក៏បានជួបជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅខេត្តក្វាងស៊ីផងដែរ។ ក្នុងជំនួបនោះសម្តេចតេជោ បានដាស់តឿនដល់និស្សិតទាំងអស់ថែទាំសុខភាព និងប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះដឹង ដើម្បីយកមកបម្រើជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល៕