(រតនគិរី)៖ ទីតាំងផ្ទះជួលដែលឈ្មួញវៀតណាមស្តុកឈើធ្នង់ និងគ្រញ៉ូងមួយកន្លែង ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប ស្ថិតនៅខាងក្រោយ វិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។
ប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលដឹកនាំដោយលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និងមានការចូលរួមពី កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។
លោក រ៉ាបូ រ៉ាន់ឌី បានប្រាប់ក្រុមអ្នកកាសែតឲ្យដឹងថា ការចុះបង្ក្រាបនេះ គឺដោយមានការបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញា លោក ជា ពេជ្រ ហើយជាក់ស្តែងសមត្ថកិច្ចបង្ក្រាប បានឈើប្រណីតប្រភេទឈើធ្នង់ និងឈើក្រញូងជាច្រើនដុំ ព្រមទាំងរថយន្ត១គ្រឿង ម៉ាកកាមរីហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2l-7461 ដោយមានផ្ទុកឈើប្រណីតជិត១០ដុំ ត្រូវបានដកហូតប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខណ្ឌផងដែរ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺ ពីមន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌបានទេ ថាតើត្រូវបង់ផាកពិន័យតាមច្បាប់ព្រៃឈើ ឬមួយយ៉ាងណានោះទេ?។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះ បានរឹបអូសវត្ថុតាង និងរថយន្តយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត ប៉ុន្ដែឈើប្រណីតទាំងនោះ សមត្ថកិច្ចជំនាញមិនទាន់ធ្វើការវាស់វែងនៅឡើយទេ៕