(ក្វាងស៊ី, ចិន)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ត្រឡប់ពីទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិនវិញហើយ បន្ទាប់ពីបានចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៤នៅថ្ងៃម្សិលមិញនេះ។

តាមការគ្រោងទុកសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជានៅអំឡុងម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី១៣ ខែកញ្ញា នេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តាមរយៈពិព័រណ៍នៅទីក្រុងណាននីងផលិតផលកម្ពុជាជាច្រើន ជាពិសេសផលិតផលកសិកម្មបាននឹងកំពុងហូរចូលទៅកាន់ប្រទេសចិន ដែល​បានពង្រីកទីផ្សារ និងពង្រឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំង​ពីរកាន់តែមានទំហំធំឡើងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះដែរ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តក្វាងស៊ី ក៏កាន់តែជិតស្និទ្ឋ ហើយជាពិសេសទំនាក់ទំនង​និងសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា ក៏កាន់តែឈានទៅកាន់កម្រិតខ្ពស់ជាបន្តបន្ទាប់។

សម្តេចតេជោ បន្តថា មិត្តចិន គឺជាខ្នងបង្អែកដ៏រឹងមាំដែលបន្តជួយកម្ពុជាគ្រប់កាលៈទេសៈដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ៕