(តូក្យូ)៖ នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាមួយលោក អ៊ីស៊ូណូរី អូណូឌីរ៉ា រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នៅក្រសួងការពារជាតិជប៉ុន ក្នុងទីក្រុងតូក្យូ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ភាគីជប៉ុនបានបញ្ជាក់ពីការគាំទ្រចំពោះកងកម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលបានចេញទៅបំពេញបេសកកម្មមនុស្ស នៅបណ្តាលប្រទេសនានាលើពិភពលោក។

លោក អ៊ីស៊ូណូរី បានឲ្យដឹងថា ឆ្នាំ២០១៧ គឺជាខួបទី២៥ នៃកិច្ចសហប្រតិបត្តការថែរក្សាសន្តិភាព ដែលប្រទេសជប៉ុនបានបញ្ជូនកងកម្លាំងរបស់ខ្លួនលើកដំបូង ទៅបំពេញបេសកកម្មមនុស្សធម៌ ថែរក្សាសន្តិភាពនៅកម្ពុជា។

លោកបានបន្តថា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ជប៉ុនបានបញ្ជូនកងកម្លាំងស្វ័យការពារជប៉ុនទៅមជ្ឈមណ្ឌលជាតិ (NPMEC) ដើម្បីអភិវឌ្ឍធនធានមនុស្ស ពិសេសចូលរួមចំណែកលើកកម្ពស់សមត្ថភាពដល់កងទ័ពមួកខៀវកម្ពុជា ក្នុងការកសាងសំណង់បញ្ឈរ និងសំណង់ផ្តេក។

លោកសង្កត់ថា ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ជប៉ុននឹងជួយវិស័យបច្ចេកទេស ដោយបញ្ជូនគ្រូទៅមជ្ឈមណ្ឌលជាតិ ដើម្បីហ្វឹកហ្វឺនដល់កងទ័ពកម្ពុជាបន្ថែមទៀត ដោយសារយល់ឃើញថា កម្ពុជាមានឆន្ទៈក្នុងការចូលរួមថែរក្សាសន្តិភាពក្នុងពិភពលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលកន្លងមក បាននាំមកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាថ្មីទៀតរវាងប្រទេសកម្ពុជា និងជប៉ុន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនដល់រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនថា ទោះបីជាកងទ័ពមួកខៀវកម្ពុជាបានពលីជីវិតចំនួន៤នាក់ ក្នុងបេសកកម្មថែរក្សាសន្តិភាពនៅអាហ្វ្រិកកណ្តាល នាពេលកន្លងមកក៏ដោយ តែកម្ពុជានៅតែប្តូរផ្តាច់ការងាររបស់ខ្លួនខ្លាំងក្លាថែមទៀត ក្នុងបេសកកម្មមនុស្សធម៌នេះ។

សម្តេចបានបញ្ជាក់ថា បេសកកម្មកងទ័ពមួកខៀវកម្ពុជានៅបរទេស ទទួលបានជោគជ័យនាពេលកន្លងមក ក៏មិនអាចកាត់ផ្តាច់បានពីការជួយហ្វឹកហ្វឺន បំពាក់បំប៉នសមត្ថភាព និងផ្តល់គ្រឿងបំពាក់ពីប្រទេសជប៉ុនផងដែរ។ ក្នុងន័យនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានស្នើដល់ភាគីជប៉ុនឲ្យបន្តជួយបណ្តុះបណ្តាលធនធានមនុស្សដល់កងយុទ្ធពលខេមរភូមិន្ទរបស់កម្ពុជាបន្ថែមទៀត ទៅតាមលទ្ធភាពជាក់ស្តែង ទាំងការបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការបញ្ជូនទៅសិក្សានៅប្រទេសជប៉ុន។

សូមបញ្ជាក់ថា បន្ទាប់ពីបានធ្វើទស្សនកិច្ចតាមផែនការ និងជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញថ្លែងសន្ទរកថាពិសេសមួយ នៅក្នុងវេទិកាកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ដែលប្រារព្ធធ្វើនៅទីក្រុងហ្វ៊ូគូដា ប្រទេសជប៉ុន៕