(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានក្រើនរំឭកឲ្យមន្ត្រី ក៍ដូចជាប្រជាពលរដ្ឋ គួរតែចងចាំឲ្យបានច្បាស់ ហើយកុំភ្លេចឲ្យសោះ នូវគុណបំណាច់ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានរំដោះយើងទាំងអស់គ្នាឲ្យរួចផុតពីភ្លើងសង្គ្រាម រួចផុតពីនរក ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ពិសេស យើងមិនត្រឹមតែដឹងគុណដ៍ធំធេង ចំពោះថ្ងៃ៧មករានោះទេ ចាំបាច់ណាស់ យើងត្រូវតែសងគុណវិញ ដោយនាំគ្នាទៅបោះឆ្នោតឲ្យទទួលបាននូវសុខសន្តិភាពបន្តទៀត និងមានការអភិវឌ្ឍន៍ឥតឈប់ឈរដូចបច្ចុប្បន្ន គឺបោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា» ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានដឹកនាំ រាជរដ្ឋាភិបាល។

លោក ជា ពិសី លើកឡើងដដែលៗបែបនេះ នៅពេលដែលដឹកនាំលោកស្រី អាន ផល្លា ជាភរិយា និងក្រុមគ្រួសារ ដោយមានការរួមដំណើរពីមន្ត្រីរាជការក្នុងខណ្ឌ-សង្កាត់ រួមជាមួយប្រជាពលរដ្ឋ បានពាំនាំនូវបច្ច័យ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគយ៉ាងច្រើន ដើម្បីចូលរួមកាន់បិណ្ឌវេនទី៤ រហូតដល់វេនបិណ្ឌទី៧ រយះពេល៣ថ្ងៃជាប់គ្នា តាំងពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ចំនួន៥វត្ត រួមមាន៖វត្តឧត្តរាវតី វត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) វត្តកោះពោធិវង្ស វត្តទួលសុវណ្ណរាម (ហៅវត្តទួលសង្កែ) និងវត្តញាណរង្សី ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងពិធីកាន់បិណ្ឌនេះ លោក ជា ពិសី និងភរិយា លោកស្រី អាន ផល្លា ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋ បាននាំយកនូវបច្ច័យ និងទេយ្យវត្ថុយ៉ាងច្រើន មកប្រគេនដល់ព្រះសង្ស ដែលគង់ចាំព្រះវស្សាតាមទីអារាមនីមួយៗ ចំនួន៥វត្ត ដោយក្នុង១វត្តៗប្រគេន អង្ករ១បាវ ទឹកក្រូច២កេស ទឹកសុទ្ធ២កេស មី២កេស ទឹកស៉ីអ៉ីវ២យួរ ទឹកត្រី២យួរ ត្រីខ២យួរ ស្កសរ២គីឡូក្រាម តែ២កញ្ចប់ធំ និងស្លាដក១កញ្ចប់ធំ។

លើសពីនេះ លោក ជា ពិសី និងភរិយា លោកស្រី អាន ផល្លា បានបន្តពាំនាំនូវបច្ច័យផ្ទាល់ខ្លួន និងបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីមន្ត្រីមួយចំនួនផងដែរ យកមកប្រគេនដល់ព្រះសង្ស ដើម្បីសុំសេចក្ដីសុខ និងឧទ្ទិសកោសល្យដល់ដួងវិញ្ញាណក្ខន្ធបងប្អូនជីដូនជីតាញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅ និងដើម្បីទុកកសាងនូវសមិទ្ធផលផ្សេងៗក្នុងវត្តឧត្តរាវតី ចំនួន៨២ម៉ឺន៥ពាន់រៀល និង៧០ម៉ឺនរៀលប្រគេនដល់ព្រះសង្សនៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) និងប្រគេនដល់ព្រះសង្សគង់នៅវត្តកោះពោធិវង្ស៧៧ម៉ឺនរៀល និង៧៩ម៉ឺនរៀលទៀត ប្រគេនដល់ព្រះសង្សគង់នៅវត្តទួលសុណ្ណរាម (ហៅវត្តទួលសង្កែ) និងចុងក្រោយប្រគេនដល់ព្រះសង្សនៅវត្តញាណរង្សីចំនួន១លាន៤៤ម៉ឺនរៀល។

នៅចំពោះមុខមន្ត្រី ព្រះសង្ស និងប្រជាពលរដ្ឋ លោក ជា ពិសី បានថ្លែងថា គុណបំណាច់ នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានរំដោះយើងទាំងអស់គ្នា ឲ្យរួចផុតពីភ្លើងសង្គ្រាម រួចផុតពីនរក ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដូច្នេះហើយ យើងត្រូវតែសងគុណវិញ ដោយបោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា» ពីព្រោះសន្លឹកឆ្នោត១សន្លឹក មានសារៈសំខាន់ណាស់ អាចសម្រេចជោគវាសនារបស់ប្រទេសជាតិបាន ដោយយ៉ាងដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើការសម្រេចចិត្តជ្រើសរើសបោះឆ្នោតឲ្យបានត្រឹមត្រូវ និងបោះឲ្យអ្នកណា ដែលនៅក្បែរយើង ហើយអាចជួយយើងបាន និងអាចធ្វើឲ្យក្រុមគ្រួសារយើងមានសេចក្ដីសុខ មានតែការជួបជំសប្បាយរីករាយ និងទទួលបានការអភិវឌ្ឍន៍៕