(ភ្នំពេញ)៖ បន្ទាប់ពីវិទ្យុអាស៊ីសេរី បានប្រកាសពីការបិទការិយាល័យរបស់ខ្លួន ហើយឲ្យបុគ្គលិកធ្វើការនៅតាមផ្ទះនោះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញមកប្រកាស និងចាត់ទុកទង្វើរបស់វិទ្យុសេរី ជារឿងខុសឆ្គងទាំងផ្លូវច្បាប់ និងសីលធម៌ ក្នុងសង្គមប្រជាធិបតេយ្យ ហើយប្រៀបធៀបវិទ្យុអាមេរិកមួយនេះ ដូចជាពួកឧទ្ទាម ដែលមិនចង់នៅក្រោមច្បាប់កម្ពុជា។

តាមរយៈបណ្ដាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ហ៊ុយ វណ្ណៈ បានថ្លែងយ៉ាងដូច្នេះថា «យើងពិតជាមានការភ្ញាក់ផ្អើល ដែលវិទ្យុអាស៊ីសេរីប្រកាសបិទការិយាល័យ ហើយរំសាយបុគ្គលិក ប្រសិនបើរំសាយបុគ្គលិក ហើយឲ្យធ្វើការងារនៅតាមផ្ទះ នេះក៏ជាវិធីខុសឆ្គងទាំងផ្លូវច្បាប់ និង​សីលធម៌ ក្នុងសង្គមប្រជាធិបតេយ្យ។ ជាងនេះទៅទៀត នេះគឺជាយល់ខុសឆ្គង ដែល​វិទ្យុអាស៊ីសេរី ប្រាប់បុគ្គលិកថា ការសុំច្បាប់បើកការិយាល័យ គឺជាគំនាប។ មានតែពួកឧទ្ទាមទេ ដែលមិនចង់ស្ថិតក្រោមច្បាប់...វត្តមាននៅក្នុងប្រទេសមួយ គឺត្រូវតែអនុលោមតាមច្បាប់ជាសកលផង និងច្បាប់ នៃប្រទេសនោះផង​។»​

ទោះបីជាវិទ្យុរបស់សហរដ្ឋអាមេរិកមួយនេះ បានប្រកាសបិទការិយាល័យរបស់ខ្លួនទៅហើយក្ដី លោក ហ៊ុយ វណ្ណៈ បានអះអាងថា តាមច្បាប់​ទោះបីវិទ្យុអាស៊ីសេរី បិទការិយាល័យ ក៏នៅជាប់កាតព្វកិច្ចបង់ពន្ធលើប្រាក់ខែ និងពន្ធកាត់ទុកចាប់ពីឆ្នាំ១៩៩៧នោះនៅឡើយដែរ។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានប្រាប់ទៅ​ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាថា គួរជួយណែនាំ និងជំរុញឲ្យអង្គភាពបែបនេះ អនុវត្តច្បាប់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីភាពថ្លៃថ្នូររបស់អាមេរិក ហើយវិទ្យុអាស៊ីសេរី គួរ​ពិចារណាឡើងវិញ សូមកុំលួងលោម ឬជំរុញឲ្យបុគ្គលិកខ្មែរនៅក្នុងប្រទេស ធ្វើការងារដោយមិនអនុលោមតាមច្បាប់ការងារ ដែលជាការខាតបង់អត្ថប្រយោជន៍របស់គាត់ផង និងអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ ដោយគ្មានការទទួលខុសត្រូវ លើសុវត្ថិភាពការងារគាត់ផង។​

សូមជម្រាបថា វិទ្យុអាស៊ីសេរី បានសម្រេចបិទការិយាល័យរបស់ខ្លួន ​នៅក្នុងប្រទេសកម្ពុជាស្ងាត់ៗ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ហើយបែងចែកឲ្យបុគ្គលិករបស់ខ្លួនទាំងអស់នៅកម្ពុជា ធ្វើការរៀងៗខ្លួន ដោយបញ្ជូនព័ត៌មានផ្ទាល់ទៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នេះបើតាមលោក រដ្ឋា វិសាល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ទម្លាយប្រាប់ឲ្យដឹង។

បើតាមលោក រដ្ឋា វិសាល បុគ្គលិកវិទ្យុអាស៊ីសេរីប្រចាំនៅខេត្តរតនគិរី បាននិយាយថា ក្រោយបិទការិយាល័យនេះ​ បុគ្គលិកអាស៊ីសេរីទាំងអស់នៅកម្ពុជា បានបញ្ចប់កិច្ចសន្យាជាបណ្តោះអាសន្ន ហើយនឹងបន្តរៀបចំកុងត្រាថ្មីតាមការស្ម័គចិត្ត នៅពេលក្រោយដោយធ្វើការផ្សេងៗគ្នា ដើម្បីបញ្ចូនព័ត៌មានទៅទីក្រុងវ៉ាស៊ីនតោន។

ការសម្រចបិទការិយាល័យនេះ បានធ្វើឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការតឹងរឹង ទៅលើស្ថាប័នព័ត៌មានមួយចំនួន ដែលមិនគោរពច្បាប់ និងបង់ពន្ធជូនរដ្ឋ។ ជាមួយគ្នានេះកាសែត Cambodia Daily ក៏សម្រេចបិទស្ថាប័នរបស់ខ្លួននៅកម្ពុជាផងដែរ ក្រោយពេលមិនអាចបង់ពន្ធដែលជំពាក់រដ្ឋជាង៦លានដុល្លារបាន៕