(ភ្នំពេញ)៖ នៅក្នុងសន្និសីទកាសែតមួយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក William A.Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជានៅតែមិនពន្យល់ អំពីអត្ថន័យពិត ដែលភ្ជាប់កម្ពុជា ទៅនឹងរូបត្រីក្រហមឈ្មោះ «RedHerrings» ហើយបង្ហោះនៅលើទំព័រ Facebook។ លោក William A.Heidt គ្រាន់តែពន្យល់ថា ការបង្ហោះនោះ គ្រាន់តែធ្វើឡើង ដើម្បីចំណាប់អារម្មណ៍ តែប៉ុណ្ណោះ។

ការបង្ហោះរូបត្រីក្រហមដោយភ្ជាប់ជាមួយនឹងអក្សរ #RedHerringKh បានធ្វើឡើង កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅលើទំព័រ Facebook របស់ស្ថានទូតអាមេរិក ក្រោយពេល រាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មខ្លាំងៗ ទៅនឹងសហរដ្ឋអាមេរិក ដែលមានការឃុបឃិតជាមួយលោក កឹម សុខា ក្នុងគោលដៅដណ្តើមអំណាចពីរាជរដ្ឋាភិបាលដូចបានបង្ហាញនៅក្នុងវីដេអូបែកធ្លាយរបស់លោក កឹម សុខា នាថ្មីៗនេះ។

លោក William A.Heidt បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្ហោះរូបត្រីក្រហមនោះ គឺស្ថានទូតអាមេរិកចង់ឱ្យមានការទាក់ទាញនៅលើទំព័រ Facebook ។ លោកថ្លែងបន្តថា រូបត្រីក្រហមឈ្មោះ Herrings នេះគឺមានអត្ថន័យបង្កប់ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេង Facebook។

ទោះជាយ៉ាងណា លោកបានព្យាយាមមិនពន្យល់អំពីអត្ថន័យត្រីនេះ ទោះបីជាអ្នកសារព័ត៌មាន ខិតខំជជីកសួរយ៉ាងណាក៏ដោយ ហើយលោកក៏ពុំបានឆ្លើយសំណួរថា តើគំនិតបង្ហោះ ត្រីក្រហមនោះ ជារបស់លោកផ្ទាល់ ឬរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទេ ខណៈដែល ក្រុមអ្នកលេង Facebook បកសាយផ្សេងៗគ្នាចំពោះអត្ថន័យត្រីនេះ។

ក្រុមអ្នកលេង Facebook មួយចំនួន បាននិយាយថា រូបត្រីក្រហម Red Heggins របស់លោក William A. Heidt ដែលភ្ជាប់ជាមួយនឹងកម្ពុជា នាថ្មីៗនេះ ហាក់សម្តៅប្រមាថមកលើកម្ពុជាថាជាប្រទេសកុម្មុយនីស្ត។ ពួកគេនិយាយថា ការបង្ហោះនេះ គឺកាន់តែធ្វើឲ្យប្រជាជនកម្ពុជា ប្រុងប្រយ័ត្នចំពោះចរិតអាមេរិក ដោយចាត់ទុកថា សកម្មភាពបែបនេះកំពុងតែឃ្លាតកាន់តែឆ្ងាយពីតួនាទីជាអ្នកការទូតថ្លៃថ្នូរហើយ។ ជាងនេះទៅទៀត ពលរដ្ឋចាត់ទុកថា នេះជា សកម្មភាពពិសពុល អុជអាលប្រជាជនកម្ពុជា ឲ្យប្រេះស្រាំនិងជាការព្យាយាមបំបែកបំបាក់ស្មារតីជាតិ៕