(ក្រចេះ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសផ្ដល់អគារសិក្សាចំនួន២ខ្នង (១០បន្ទប់) ដល់សាលាបឋមសិក្សាព្រែកប្រាំង ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះរួចមក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សរ ចំរុង អភិបាលខេត្តក្រចេះ បានធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាហើយ ដើម្បីឈានទៅការសាងសង់នៅពេលបន្ទាប់ខាងមុខ។
ពិធីក្រុងពាលីខាងលើ ក៏មានការចូលរួមពីលោក ប៉ាន់ខែម ប៊ុនថន ប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងថ្នាកដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីអង្គភាព យុវជនក១៥៧សាខាខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋជាង៨០០នាក់ផងដែរ។
លោក សរ ចំរុង បានបញ្ជាក់ថា លោកនឹងបន្តកសាងសមិទ្ធផលក្នុងខេត្តបន្តបន្ទាប់ទៀត និងអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នារក្សាសន្តិភាព ដើម្បីឲ្យមានការកសាង រីកចម្រើនតទៅមុខ ព្រមទាំងនឹងរៀបចំពិធីញ៉ាំអាហារសាមគ្គីជាមួយប្រជាពលរដ្ឋនៅពេលណាមួយ។
លោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសព្វ បានបញ្ជាក់ថា អគាសិក្សាចំនួន២ខ្នង នៅសាលាបឋមសិក្សាព្រែកប្រាំងនេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
បើតាមលោកអភិបាលស្រុក រហូតមកដល់ពេលនេះលោកអភិបាលខេត្ត សរ ចំរុង និងលោកស្រី បានកសាងសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋក្នុងស្រុកព្រែកប្រសព្វ បើគិតជាទឹកប្រាក់មានចំនួន ៤៧,៥៥០,០០០រៀល ព្រមទាំងសម្ភារមួយចំនួនទៀត។
ទាំងលោកអភិបាលខេត្ត សរ ចំរុង លោកអភិបាលស្រុក សេក ប៊ុនហេង សិស្សានុសិស្សក្នុងសាលាព្រែកបាំង និងប្រជាពលរដ្ឋរស់នៅស្រុកព្រែកប្រសព្វ បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រិទ្ធបណ្ឌិតគ្រប់ៗគ្នា៕