(កំពង់ធំ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធបើកមុខ ចៀរជ័រកៅស៊ូឆ្នាំ២០១៧របស់ក្រុមហ៊ុន C.R.C.K អភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពីនិយោជិក និយោជក កម្មករ-កម្មការិនីប្រមាណ៤០០នាក់។
លោក ឡៃ វ៉ាន់ឡាំ ប្រធានគណៈប្រតិភូដឹកនាំកៅស៊ូវៀតណាម នៅកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុន C.R.C.K អភិវឌ្ឍន៍កៅស៊ូមានផ្ទៃដីចំនួន៤២១៦,៨៦ហិចតា ហើយផ្ទៃដីសម្រាប់ធ្វើការចៀរជ័យកៅស៊ូសាកល្បងមានចំនួន២១២ហិចតា និងមានកម្មករចំនួន៦២នាក់ ដែលបានទទួលវគ្គបណ្តុះបណ្តាលជំនាញជៀជ័រ។
លោក សុខ លូ បានបន្តថា នៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនបរទេសវិនិយោគលើវិស័យដំណាំកៅស៊ូជាច្រើន ក្នុងនោះក៏មានប្រទេសវៀតណាម ផងដែរ ដែលបានធ្វើការវិនិយោគទៅលើដំណាំកៅស៊ូនៅក្នុងទឹកដីខេត្តកំពង់ធំ កៅស៊ូដែលផ្តល់សក្តានុពល ដែលត្រូវធ្វើការចៀរជ័រនៅថ្ងៃនេះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋ ដែលជាជនជាតិខ្មែរឲ្យមានការងារធ្វើ កាត់បន្ថយការចំណាកស្រុក។ ពេលនេះក្រុមហ៊ុនត្រូវការចៀរជ័រកៅស៊ូ ដូច្នេះត្រូវការកម្មករច្រើន មានការងារធ្វើជានិរន្តរភាពជាប់លាប់ ទទួលបានប្រាក់ខែសមរម្យ និងត្រូវគោរពច្បាប់ការងារ។
លោក សុខ លូ បានបន្តថា ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចុះជួបកម្មករ-កម្មារិនីរោងចក្រ ដោយផ្តល់សេវាសម្រាប់ការងារ សេវាថែទំាងសុខភាពទៅព្យាបាលនៅ មន្ទីរពេទ្យរដ្ឋ គឺមិនយកលុយទេ។ សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពិសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយមិនប្រកាន់និន្នាការ នយោបាយ ជាតិសាសន៍ ពណ៌សម្បូរឡើយ។
លោកអភិបាលខេត្តកំពង់ធំ សូមអំពាវដល់ក្រុមហ៊ុនកៅស៊ូវៀតណាមទំាងអស់ ត្រូវគោរពតាមច្បាប់ការងារបស់កម្ពុជា ជាពិសេសត្រូវ ចាត់ទុកកម្មករ ប្រៀបដូចជាកូនចៅយើងដែរ ក្នុងនោះត្រូវសាងសង់ផ្ទះជូនកម្មករ មណ្ឌលសុខភាព សាលារៀន ទឹកស្អាត ជាដើម។ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនអាចរស់បានទាល់តែមានកម្មករ កម្មកររស់បាន ទាល់តែមានក្រុមហ៊ុន៕