(មណ្ឌលគិរី)៖ មន្រ្តីនគរបាលម្នាក់ និងម្នាក់ទៀតជាយោធាដែលកំពុងឈរជើងនៅប៉ុស្តិ៍របៀង ការពារព្រំដែនក្បាលដំរី ក្នុងស្រុកពេជ្រាដា សង្ស័យមានការឃុបឃិត ជាមួយជនជាតិវៀតណាម ចូលមកកាប់ឈើហ៊ុប នៅក្បែរប៉ុស្តិ៍ក្បាលដំរីទឹកដីកម្ពុជា ឆ្លងដែនទៅប្រទេសវៀតណាម យ៉ាងរលូនដោយផ្គើនពី មេបញ្ជាការខ្លួន និងផ្គើនពីបទបញ្ជាថ្នាក់លើទៀតផង។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បាននិងកំពុងដាក់បទបញ្ជាយ៉ាងក្តៅៗ ឲ្យមេអង្គភាពនីមួយៗ នៅខេត្តនេះមេត្តាជួយស្រាវជ្រាវកូនចៅរបស់ខ្លួន ដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែនខាងលើ និងតាមខ្សែបន្ទាត់ព្រំដែនដទៃទៀត ឈានទៅរកការរឹតបន្តឹងលុបបំបាត់បទល្មើសព្រៃឈើឆ្លងដែន និងបទល្មើសផ្សេងៗទៀតឲ្យខាងតែបាន និងចាត់វិធានការណ៍ដល់មន្រ្តីខិលខូចមួយចំនួន មកអប់រំណែនាំទៅតាមវិន័យរបស់អង្គភាព។
មន្ត្រីបានលួចបង្ហើបថា លោក មុន ភីនី មានតួនាទីជា មេប៉ុស្តិ៍ស្ដីទីការពារព្រំដែនក្បាលដំរី និងលោក កែវ សុភ័ក្រ មានតួនាទីជាមេបញ្ជាការកងអនុសេនាតូចលេខ១ បានលួចឃុបឃិត ជាមួយជនជាតិវៀតណាម បើកឲ្យមានការកាប់ឈើក្នុងដែនជម្រកសត្វព្រៃស្រែពក ចេញទៅប្រទេសវៀតណាមតាមច្រក របៀងក្បាលដំរី ដែលពួកគេគ្រប់គ្រងជារឿយៗ។
ជាក់ស្ដែងកាលពីអំឡុងដើមខែកញ្ញា ពួកគេបានអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកកាប់ និងដឹកជញ្ជូនឈើចេញ ទៅប្រទេសវៀតណាម ចំនួន០២រថយន្តកែច្នៃ និងសេសសល់ឈើហ៊ុបចំនួន១៥ដើម ត្រៀមដឹកចេញទៅវៀតណាម តែត្រូវបានក្រុមមន្ត្រីបរិស្ថាន នៃដែនជម្រកសត្វព្រៃស្រែពក បង្ក្រាបបានកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ ហើយឈើនៅសេសសល់ ដែលមន្ត្រីជំនាញបង្ក្រាបនេះ គឺមានចម្ងាយតែ៥០០ម៉ែត្រប៉ុណ្ណោះ ពីប៉ុស្តិ៍ក្បាលដំរី។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិសា្ថនខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឈើហ៊ុបចំនួន១៥ដើម ដែលត្រូវបានបង្ក្រាបនេះ គឺជាប្រភេទឈើផ្ចឹក និងប្រភេទឈើស្រឡៅ បង្ក្រាបដោយកម្លាំងដែនជម្រកសត្វព្រៃស្រែពក និងកម្លាំងនគរបាលដែលបម្រើការ ក្នុងដែនជម្រកពុំមានការចូលរួមសហការពី កម្លាំងយោធា និងនគរបាលនៅប៉ុស្តិ៍ក្បាលដំរី នោះទេ។
ពាក់ព័ន្ធករណីនេះ លោក មុន ភីនី មេប៉ុស្តិ៍ស្ដីទីនគរបាលការពារ ព្រំដែនក្បាលដំរី និងលោក កែវ សុភ័ក្រ មេបញ្ជាការយោធាកងអនុសេនាតូចលេខ១ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ។
ចំណែកលោក អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី បានថ្លែងតាមទូរស័ព្ទថា លោកមិនសន្និដ្ឋានថា មន្ត្រីរបស់លោកស្អាតស្អំ ឬយ៉ាងណានោះទេ ប៉ុន្តែក្នុងករណីនេះបើលោករកឃើញថា លោក មុន ភីនី ពិតជាឃុបឃិតបើកឲ្យមានជំនួញ ឈើឆ្លងដែនតាមប៉ុស្តិ៍ក្បាលដំរីនេះមែន លោកនឹងចាត់វិធានការលើបុគ្គលនេះ តាមវិន័យរបស់កងកម្លាំង។
លោក ឃិន ម៉េងស្រេង មេបញ្ជាការយោធាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ករណីនេះលោកពុំបានដឹងទេ ជុំវិញការនាំឈើចេញទៅប្រទេសវៀតណាម តាមច្រកក្បាលដំរីនេះ ប៉ុន្តែករណីបង្ក្រាបឈើក្បែរ ប៉ុស្តិ៍ក្បាលដំរី កាលពីពេលថ្មីៗកន្លងទៅនេះ គឺលោកជាអ្នកបញ្ជាឲ្យកម្លាំងរបស់លោក នៅទីនោះបង្ក្រាបផ្ទាល់តែម្ដង។
មជ្ឈដ្ឋាននានាក្នុងខេត្តមណ្ឌលគិរី បានរំពឹងថា លោក អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក ឃិន ម៉េងស្រេង មេបញ្ជាការយោធាខេត្តមណ្ឌលគិរី នឹងត្រួតពិនិត្យលើកងកម្លាំងរបស់លោក នៅតាមបន្ទាត់ព្រំដែនយ៉ាងតឹងរឹង មិនឲ្យមានករណីបទល្មើសព្រៃឈើឆ្លងដែន នៅខេត្តមណ្ឌលគិរី កើតឡើងច្រំដែលដូចពេលកន្លងមកនោះទេ៕