(សៀមរាប)៖ ក្នុងគោលបំណងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើតាមរយៈ ចំណីអាហារនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសាធារណៈ មន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាពនិងសុវត្ថិភាព ម្ហូបអាហារ និងចុះពិនិត្យផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារនៅផ្សារលើធំថ្មី និងនៅតាមផ្ទះមួយចំនួន ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

មន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាប បានថ្លែងថា បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំង លក់នៅក្នុងផ្សារលើធំថ្មី រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារ ទាំងនោះឡើយ។

ចំពោះការពិនិត្យមើលលើ ផលិតផលម្ហូបអាហារកំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ក្រុមការងារក៏ពុំបានរកឃើញមានផលិតផលប្រែប្រួលខូចគុណភាពផងដែរ។

ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់តាំងលក់ផលិតផល ចំណីអាហារ ឲ្យនៅដាច់ពីគ្នាពីថ្នាំសម្លាប់សត្វល្អិត និងកសិកម្មនិងរបៀប នៃការជ្រើសរើសផលិតផលម្ហូប អាហារមាន សុវត្ថិភាព ដល់ការបរិភោគជាដើម។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់៕