(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក កឹម ស៊ីថន បានថ្លែងនៅចំពោះមុខលោក នុតថាវុធ ផូធិសារ៉ូ ឯកអគ្គរាជទូចថៃប្រចាំ កម្ពុជាថា កម្ពុជានឹងផ្តល់ការអនុគ្រោះ និងលក្ខខណ្ឌពិសេសៗសម្រាប់វិនិយោគិនថៃ ដែលចូលមកវិនិយោគនៅកម្ពុជា។
ក្នុងសិក្ខាសាលាស្តីពីការពង្រីកសក្តានុពលពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយលើកទឹកចិត្តល្អៗ ដើម្បីរួមចំណែកដល់ការពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគនៅតាមព្រំដែនកម្ពុជា-ថៃ សំដៅរក្សាតុល្យភាពជញ្ជីងពាណិជ្ជកម្ម និងធានាសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច ប្រទេសទាំងពីរ។
ក្នុងសិក្ខាសាលាដែលមានអ្នកចូលរួមពីមន្ត្រីអន្តរក្រសួងកម្ពុជា-ថៃ, សហគ្រិន, វិនិយោគិន និងពាណិជ្ជករប្រមាណ២០០នាក់នោះលោកឯកអគ្គរាជទូតថៃ នុតថាវុធ ផូធិសារ៉ូ បានជម្រាបជូនសិក្ខាកាមអំពីវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនងពាណិជ្ជកម្មរវាងថៃ និងកម្ពុជា ព្រមទាំងសារៈសំខាន់នៃការធ្វើពិពិធកម្ម ទំហំពាណិជ្ជកម្មនៅតាមបន្ទាត់ព្រំដែន ដើម្បីលើកកម្ពស់ជីវភាពប្រជាជន នៃប្រទេសទាំងពីរ និងការឈានទៅសម្រេចផែនការ ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០ ដែលប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរបានដាក់ចេញកាលពីថ្មីៗនេះ។
លើសពីនេះ លោកឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់ពីជំហររបស់អាជ្ញាធរថៃ ក្នុងការជួយសម្រួលការដឹកជញ្ជូនទំនិញរបស់ពាណិជ្ជករកម្ពុជា ទៅកាន់ប្រទេសទីបី និងការគាំទ្ររបស់ពាណិជ្ជករថៃ ក្នុងការជួយទិញទំនិញកសិផលកាន់តែច្រើនពីកម្ពុជា។
យោងតាមទិន្ន័យរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៥,៥១៨លានដុល្លារ និងឆ្នាំ២០១៦ មានចំនួន ៥,៥៥១លានដុល្លារ ពោលគឺបានកើនឡើង០,៦%។ ជាមួយគ្នានេះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៦៣៨លានដុល្លារ និងឆ្នាំ២០១៦ មានចំនួន ៩៤៤លានដុល្លារ ពោលគឺបានកើនឡើង ៤៧,៩៦%។
រីឯការនាំចូលរបស់កម្ពុជាពីប្រទេសថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៤,៨៨០លានដុល្លារ និងឆ្នាំ២០១៦ មានចំនួន៤,៦០៧លានដុល្លារ ថយចុះ ៥,៥៩%៕