(ប៉ៃលិន)៖ ក្រុមមន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះពិនិត្យ និងចាក់ថ្នាំព្យាបាលបង្ការ ជំងឺអុតក្តាមដល់សត្វគោចំនួន ១៤៦ក្បាល ជូនប្រជាពលរដ្ឋនៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ក្រោយមានការសង្ស័យពីជំងឺនេះ។
សកម្មភាពនេះដឹកនាំដោយលោក ផាន់ ចាន់ថុល អភិបាលរងខេត្តប៉ៃលិន សហការជាមួយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម និងលោក ញ៉ឹល គង់ អភិបាលរងស្រុកសាលាក្រៅ។
លោក ខៀវ សុថុន ប្រធានការិយាល័យផលិកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម បានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីពេទ្យសត្វស្រុកដែលសង្ស័យថា មានជំងឺអុតក្តាមលើគោរបស់ប្រជាពលរដ្ឋរស់នៅភូមិដីសជាច្រើនក្បាលរួចមក មន្រ្តីជំនាញក៏ធ្វើចុះមកត្រួតពិនិត្យ និងចាក់ថ្នាំការពារដើម្បីទប់ស្កាត់ កុំឲ្យជំងឺនេះរីករាលដាលបន្តទៀត និងបានណែនាំប្រជាពលរដ្ឋកុំយកសត្វគោទំាងនោះទៅក្រៅស្រុក ព្រោះអាចឆ្លងពីមួយទៅមួយបន្តបន្ទាប់ទៀត ពោលគឺត្រូវទុកឲ្យមន្ត្រីជំនាញធ្វើការព្យាបាល រយៈពេល៣ថ្ងៃសិន។
លោកបន្តថា ជំងឺអុតក្តាមជាជំងឺឆ្លងម្យ៉ាងដែលបង្ហាញរោគសញ្ញាលើចុងក្រចកជើងសត្វ ច្រើនកើតលើសត្វគោ ក្របី ជ្រូក ពពែជាដើម ហើយមេរោគនេះមាន៧ប្រភេទ តែនៅកម្ពុជាមានតែ៣ប្រភេទទេ គឺប្រភេទ A ប្រភេទ ០ និងប្រភេទ ASI A1។ វាបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សត្វ រហូតបណ្តាលឲ្យហ្វូងសត្វទាំងនោះងាប់ដោយគាំងបេះដូង ចំពោះសត្វផើមបណ្តាលឲ្យរលូតកូនផងដែរ។ ថ្វីបើជំងឺនេះកម្រធ្វើឲ្យសត្វស្លាប់ តែវាបានបង្កឲ្យមានផលប៉ះពាល់ដល់កម្លាំងអូសទាញ បាត់បង់ឱកាសធ្វើជំនួញសត្វ ព្រមទាំងបាត់បង់ចំណូលគ្រួសារ និងចំណូលសេដ្ឋកិច្ចជាតិផងដែរ។
លោក សាយ សុផាត បានណែនាំដល់មន្រ្តីជំនាញត្រូវតែយកចិត្តទុកដាក់ត្រួតពិនិត្យ និងព្យាបាលជំងឺសត្វតាមបច្ចេកទេសបសុព្យាបាល និងផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យចូលរួមការពារជំងឺឆ្លងពីសត្វឈឺទៅសត្វជា ក្នុងការចរាចរណ៍សត្វពីតំបន់ដែលមានជំងឺទៅតំបន់ដែលគ្មានជំងឺ ដើម្បីជៀសវៀងការឆ្លងរីករាលដាល។
លោក ផាន់ ចាន់ថុល បានជំរុញដល់មន្រ្តីជំនាញធ្វើចាក់ថ្នាំការពារដល់សត្វដែលសង្ស័យថា កើតមានជំងឺអុតក្តាម ដើម្បីកុំឲ្យឆ្លងរាលដាលដល់អ្នកចិញ្ចឹមសត្វគោរស់នៅភូមិផ្សេងៗទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះតាមដានអាការៈជំងឺសត្វរបស់ខ្លួនឲ្យបានទៀងទាត់ ដើម្បីឲ្យដឹងពីស្ថានភាពជំងឺសត្វថាកើត ឬអត់ ជាពិសេសត្រូវឲ្យពួកគាត់ជូនដំណឹងឲ្យបានទាន់ពេលវេលា ដើម្បីក្រុមការងារមន្រ្តីជំនាញធ្វើការចុះមកត្រួតពិនិត្យឲ្យបានទាន់ពេលវេលា។
ប្រជាពលរដ្ឋរស់នៅភូមិដីស បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ពេលដែលថ្នាក់ដឹកនាំ និងមន្ទីរជំនាញចុះមកធ្វើការត្រួតពិនិត្យ និងចាក់ថ្នាំព្យាបាលការពារជំងឺអុតក្តាមដល់គោរបស់ពួកគាត់៕