(កណ្តាល)៖ នាយ​ឧត្ដមសេនីយ៍កិត្តិព្រឹទ្ធបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ​រង ​នៃកង​យោធពល​​ខេមរភូមិន្ទ និងជាមេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​អង្គរក្សនាយករដ្ឋមន្រ្តី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានថ្លែងប្រកាសជំហរយ៉ាងមុះមុតដាច់ខាត មិនឲ្យមានចលនាបដិវត្ដន៍ពណ៌ កើតមានឡើងនៅលើទឹកដីនៃប្រទេសកម្ពុជាឡើយ។

ការចេញមកប្រកាសជាថ្មីរបស់មន្រ្តីយោធាជាន់ខ្ពស់បែបនេះ បានធ្វើឡើងក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាការរំលឹកគុណជូន​ដល់នាយ និង​ពល​ទាហាន​​​ បញ្ជាការដ្ឋានអង្គរក្ស ដែលបានពលីជីវិត ក្នុង​បុព្វហេតុ ការពារជាតិមាតុភូមិ ​និង​សេចក្ដី​​សុខសាន្ត​របស់ប្រជាជន នៅថ្ងៃកាន់បិណ្ឌទី៧ នៃរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងបរិវេណបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែកញ្ញានេះ។

នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រកាន់ជំហរយ៉ាងមុះមុតដាច់ខាត ព្រមទាំងនាយ និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស ប្រកាស​បូជាជីវិត ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងគោរពតាមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន លើការរក្សា សុខសន្ដិភាព សន្តិសុខសណ្ដាប់ធ្នាប់សេចក្ដីសុខសាន្តផលប្រយោជន៍ របស់ប្រជាពលរដ្ឋការពារសមិទ្ធផលនានា ការរីកចំរើននិងការអភិវឌ្ឍន៍ប្រទេស ដែលមាននាបច្ចុប្បន្ននេះ។

នាយ​ឧត្ដមសេនីយ៍ បន្ដទៀតថា ទប់ស្កាត់ឲ្យបានជាដាច់ខាត នូវសកម្មភាពចលនាបដិវត្តន៍ពណ៌ ដែលបង្កអសន្តិសុខសណ្ដាប់ធ្នាប់ អំពើហិង្សានានា នៅក្នុងសង្គមជាតិ ហើយអង្គរក្សប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់អណត្តិជាបន្តបន្ទាប់ទៀត។

នាយ​ឧត្ដមសេនីយ៍ ក៏បានសំដែង នូវការកោតសរសើរ ​វាយតម្លៃ​ខ្ពស់​ចំពោះស្មារតី​ស្នេហាជាតិមាតុភូមិ និងសេចក្ដីក្លាហាន​របស់នាយ និង​ពលទាហាន​ និងបានជំរុញ និងលើកទឹកចិត្តដល់​មេបញ្ជាការ បញ្ជាការរង នាយទាហាន ទាយទាហានរង និង​​ពលទាហាន​ទាំងអស់ បង្កើនការលើកកំពស់ស្មារតី ​សាមគ្គីឯកភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អ ខិតខំថែរក្សាសម្ភារគ្រឿងបំពាក់ និងបង្កើនទំនាក់ទំនងល្អ ជា​មួយអាជ្ញាធរគ្រប់លំដាប់​ថ្នាក់ ​និង​​ប្រជាពលរដ្ឋ​តាមមូលដ្ឋាន។ នៅពេលចុះបំពេញបេសកម្ម ត្រូវ​ចាត់ទុកប្រជាពលរដ្ឋ​ជាឪពុកម្ដាយ​ និងត្រូវខិតខំហាត់ពត់លត់ដំខ្លួនឲ្យបានល្អឲ្យសាកសមជាអង្គរក្សសម្ដេចនាយករដ្ឋមន្រ្តី។

នៅក្នុងឱកាសថ្ងៃកាន់បិណ្ឌទី៧ នៃរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ​នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី ​ព្រមទាំងនាយ និងពលទាហាន ​បាននិមន្តព្រះសង្ឃសូត្រមន្ត​បង្ស​កូល និងរាប់​បាត​ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការី ជននាយទាហាននាយទាហានរង និងពលទាហានជាយុទ្ធមិត្តរបស់ បញ្ជាការដ្ឋានអង្គរក្ស ដែលបានពលី និងមរណៈ ​ដើម្បី​បុព្វហេតុ​ការពារ​ជាតិមាតុភូមិ សូមឲ្យវិញ្ញាណក្ខ័ន្ធ អ្នក​ទាំងនោះទៅកាន់សុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ ហើយបែរងាកក្រោយ​ឲ្យពរជ័យចូលមានដល់នាយ និងពលទាហានព្រម ទាំងក្រុមគ្រួសារបានសេចក្ដី សុខសុភមង្គល និងសូមឲ្យទេវតាឆ្នាំថ្មី ជួយថែរក្សាការពារប្រទេសជាតិទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ជារៀងរហូត។

នាយ​ឧត្ដមសេនីយ៍ និងលោកស្រី បាន​​ប្រគេនបច្ច័យទ័យទានព្រះសង្ឈចំនួន ១០៨​​ អង្គនិមន្តមកពី៣៦វត្ត និង១អាស្រម ​តាមគន្លង​ប្រពៃណី​ព្រះពុទ្ធ សាសនា​ ក្នុង១វត្តៗ​ មានអង្ករ២០០គីឡូក្រាម មី៤កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ៥យួរ ទឹកដោះគោ១០កំប៉ុង ប៊ីចេង២គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច៥កេស និងបច្ច័យ២០ម៉ឺនរៀល និងបច្ច័យកសាង១លាន៥សែនរៀល ដោយឡែកព្រះមេគណខេត្តតាកែវទាំងពីរ គណៈប្រគេនបច្ច័យ៤០ម៉ឺនរៀលផងដែរ៕