(ចិន)៖ សហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយ ក្រសួងពាណិជ្ជកម្ម បានដឹកនាំសមាជិករបស់ខ្លួនជាក្រុមហ៊ុននាំចេញអង្ករ ចំនួន១០ ចេញទៅចូលរួមតាំងពិព័រណ៍ ពាណិជ្ជកម្មអាស៊ាន-ចិនដែលរៀបចំឡើងនៅខេត្តណានីង ប្រទេសចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិព័រណ៍ចិន-អាស៊ាន សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញចូលទស្សនាស្ដង់តាំង បង្ហាញផលិតផលអង្ករ របស់កម្ពុជាផងដែរ។
ថ្លែងពីខេត្តណានីង ប្រទេសចិន ទីដែលកំពុងតាំងពិព័រណ៍ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News ឲ្យដឹងថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ពី លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងមានការសហការយ៉ាងជិតស្និត ជាមួយក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករ បាននាំក្រុមហ៊ុន នាំចេញអង្ករប្រមាណ១០ក្រុមហ៊ុន ទៅចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៤ ដែលជាពិព័រណ៍មួយដ៏មានសារៈសំខាន់ ក្នុងការផ្សព្វផ្សាយកេរ្ដិ៍ឈ្មោះអង្ករ របស់កម្ពុជាលើឆាកអន្ដរជាតិ។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា ក្រៅពីការដាក់តាំងបង្ហាញអង្កររបស់កម្ពុជាហើយនោះ ក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជា ក៏បានចូលរួមក្នុងជំនួបចាប់ដៃគូពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនបរទេសដទៃៗទៀត សំដៅពង្រីកការនាំចេញអង្ករឲ្យបានកាន់តែច្រើន។
លោក មូល សារិទ្ធី បានថ្លែងបញ្ជាក់ទៀតថា «អង្កររបស់កម្ពុជាយើងមាន មោទនភាពយ៉ាងខ្លាំង ដោយបានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មលំដាប់អន្ដរជាតិ នៅក្នុងប្រទេសចិននេះ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្ដាអ្នកចូលរួមក្នុងពិព័រណ៍នេះ»។
លោកបន្ថែមទៀតថា ក្នុងឱកាសនោះដែរ សហព័ន្ធបានផ្សព្វផ្សាយនៅម៉ាកអង្ករ របស់កម្ពុជាដែលមានឈ្មោះថា «ម្លិះអង្ករ» លើឆាកអន្តរជាតិ។
សូមជម្រាបថា ប្រទេសចិនជាប្រទេស ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ នៅរយៈពេល៨ខែឆ្នាំ២០១៧នេះ ដែលមានចំនួន១០ម៉ឺនតោន។ នៅឆ្នាំ២០១៧នេះ ប្រទេសចិនបានផ្ដល់កូតានាំចេញអង្ករដល់កម្ពុជាចំនួន២០ម៉ឺនតោន កើនឡើង១០០ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលកូតាមានត្រឹមតែ១០ម៉ឺនតោនប៉ុណ្ណោះ៕