(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ​ បានសម្រេចមិនអនុញ្ញាត ឱ្យគណបក្សសង្រ្គោះជាតិរៀបចំពិធីបង្សុកូល នៅបរិវេណមុខអតីតរដ្ឋសភា នៅថ្ងៃទី១៣ ខែកញ្ញា ស្អែកនេះទេ ដោយបង្វែឱ្យគណបក្សនេះ រៀបចំពិធីខាងលើនៅតាម វត្តអារ៉ាមវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់។ នេះបើតាមលិខិតរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើជូនគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញរបស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងលិខិតរបស់ លោក​ ឃួង ស្រេង បានបញ្ជាក់ថា ក្នុងករណីនៅតែមានការជួបជុំ នៅទីតាំងខាងលើ ដោយគ្មានការអនុញ្ញាតធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ព្រមទាំងមានការប៉ះទង្គិចណាមួយកើតឡើងនោះ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញរបស់គណបក្សសង្រ្គោះជាតិ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ របស់គណបក្សសង្រ្គោះជាតិ លោក ស ឡុងដេត បានសរសេរលិខិតស្នើទៅកាន់ អភិបាលរាជធា​នីភ្នំពេញ ដើម្បីសុំទីតាំងបរិវេណចេតិយ៍ខាងមុខអតីតរដ្ឋសភាចាស់ (មុខតុលាការកំពូល) ដើម្បីសង់រោងចំនួន៦ប្រឡោះ ប្រារព្វពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធដល់បាតុករដែលបានស្លាប់នៅមុខរដ្ឋសភាចាស់ កាលពីបាតុកម្មឆ្នាំ១៩៩៧៕