(ណាននីង-ចិន)៖ បន្ទាប់ពីអញ្ជើញចូលរួម បើកពិព័រណ៍ចិន-អាស៊ាន លើកទី១៤រួចហើយ នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអញ្ជើញសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលធ្វើឡើងនៅក្នុង មជ្ឈមណ្ឌល សន្និសីទនិងពិព័រណ៍ អន្តរជាតិណាននីង។ នេះបើតាមការចុះផ្សាយរបស់ Facebook សម្តេចតេជោ ហ៊ុន សែន។

បន្ទាប់ពីសម្តេចតេជោ បានអញ្ជើញកាត់ខ្សែបូរសម្ពោធ ឲ្យបើកជាផ្លូវការនូវការតាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅជាន់ខាងលើហើយ សម្តេចតេជោបានអញ្ជើញដើរ ពិនិត្យមើលផលិតផលកម្ពុជា (Made in Cambodia) ដែលបានយកមកតាំងពិព័រណ៍នៅទីនេះមានដូចជា អង្ករ ម្រេច គ្រប់ស្វាយចន្ទីរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ ក្រណាត់និងសម្លៀកបំពាក់ខ្មែរនិងផលិតផល កសិកម្ម ខ្មែរយើងដែលមានគុណភាព និងសុខភាពជាច្រើនរយមុខទៀត។

បងប្អូនយកផលិតផលមកតាំងនៅទីនេះ គឺក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផលិតផលគុណភាពកម្ពុជា នឹងដើម្បីស្វែងរកដៃគូចិន ក្នុងការចែកចាយនៅទីផ្សារ ក្នុងប្រទេសចិន។ សម្តេចតេជោ មានក្តីរំភើបរីករាយ និងលើកទឹកចិត្តដល់បងប្អូនពាណិជ្ជករ និងវិនិយោគគិន ចូលរួមជំរុញការនាំចេញ ផលិតផលកសិកម្ម ខ្មែរយើងឲ្យកាន់តែច្រើន ដើម្បីជួយដល់បងប្អូនកសិករ ឲ្យមានជីវភាពរស់នៅកាន់តែ ប្រសើឡើង។

បន្ទាប់ពីបានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនអាជីវករ និងពាណិជ្ជករនៅជាន់ខាងលើរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅជាន់ខាងក្រោម កាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជា ដែលឆ្នាំ២០១៧ នេះគឺមានរៀបចំជាទ្រង់ទ្រាយប្រាសាទព្រះវិហារ។ នៅក្នុងឱកាសនោះដែរ ក៏មានការរាំរបាំជូន សម្តេច និងភ្ញៀវជាតិ និងអន្តរជាតិទស្សនាប្រកបដោយ បរិយាកាសរីករាយក្រៃលែង៕