(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជាឲ្យអង្គភាពនីមួយៗ ដែលចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវពង្រឹងការងារគ្រប់គ្រងចំនួនកងទ័ពឲ្យបានម៉ឺងម៉ាត់។
លោកមេបញ្ជាការបញ្ជាយ៉ាងម៉ឺងម៉ាត់យ៉ាងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ រយ:ពេល០៩ខែ ឆ្នាំ២០១៧ និងលើកទិសដៅត្រីមាសទី០៤ ឆ្នាំ២០១៧ ដោយមានការចូលរួម ពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងស្នាក់ការសន្តិសុខ កងអនុសេនាធំលេខ១៦ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន១២៩នាក់។
លោកបានបញ្ជាឲ្យកម្លាំងអាវុធហត្ថទូទាំងខេត្តបន្ទាយមានជ័យ ត្រូវត្រៀមមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ អាវុធ គ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយជាយថាហេតុ ត្រូវចាត់តាំងកម្លាំងចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជន ចាត់តាំងជំនាញចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើស ត្រូវអនុវត្ត បង្ការ បង្រ្កាបបទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើខុសច្បាប់ កាប់រានទន្រ្ទានយកដីរដ្ឋ រុករករ៉ែខុសច្បាប់ ចាប់ ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់។
លោកបានឲ្យកម្លាំងអាវុធហត្ថខេត្ត ត្រួតពិនិត្យចរាចរណ៍អាវុធជាតិផ្ទុះ បង្ក្រាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមមូលដ្ឋានក្រុង ស្រុក និងការពារសន្តិសុខផងដែរ។ ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការល្អប្រសើរ។ បន្តការកសាងបណ្ដាញផ្ដល់ព័ត៌មានតាមមូលដ្ឋានបន្ថែមទៀត។
លោកមេបញ្ជាការបានបន្តទៀតថា តាមបណ្ដាអង្គភាពនីមួយៗ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវពង្រឹងការងារគ្រប់គ្រងចំនួនកងទ័ពឲ្យបានម៉ឺងម៉ាត់ និងអនុវត្តវិធានការផ្ទៃក្នុង ៩ចំណុច របស់កងរាជអាវុធហត្ថ ត្រូវធ្វើផែនការហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថក្នុងអង្គភាព និងបន្តការចុះយកព័ត៌មាន ថតសកម្មភាពស្នាដៃអាវុធហត្ថធ្វើបាន យកមកផ្សព្វផ្សាយតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
បន្តការអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់សិទ្ធមនុស្ស និងក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ ហើយត្រូវផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់ជូន។ បន្តការងារមនុស្សធម៌ និងចុះសួរសុខទុក្ខក្រុមគ្រួសារអាវុធហត្ថជួបការលំបាក។
លោកមេបញ្ជាការបានបន្ថែមទៀតថា តាមបណ្ដាអង្គភាពមូលដ្ឋានក្រុង ស្រុក ត្រូវជំរុញការងារប្រឡងប្រណាំង បង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ ដើម្បីឧបត្ថម្ភបន្ថែមលើការហូបចុករបស់កងកម្លាំង និងបន្តការងារជួសជុល កសាងសំណង់ផ្សេងៗ និងបន្តការយកចិត្តទុកដាក់ លើសុខុមាលភាពកងទ័ពឲ្យមានអនាម័យ ការពារជម្ងឺឆ្លងគ្រប់ប្រភេទផងដែរ៕