(ឧត្តរមានជ័យ)៖ ផ្លូវក្រវាត់ព្រំខ្មែរ-ថៃមួយខ្សែទៀត គឺផ្លូវលេខ៥៨ ដែលតភ្ជាប់ពីក្រុងសំរោង ខេត្តឧត្តរមានជ័យ ទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រវែងជាង ១៧៤គីឡូម៉ែត្រ សាងសង់សម្រេចបានប្រមាណ ៦៣ភាគរយហើយ គ្រោងបញ្ចប់ការសាងសង់នៅចុង ឆ្នាំ២០១៨។

លោកទេរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងការសាងសង់ផ្លូវលេខ៥៨ ដើម្បីធានាឲ្យការសាងសង់ផ្លូវនេះត្រឹមត្រូវតាមស្តង់ដារ និងមានគុណភាព។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវជាតិលេខ៥៨ ដែលកំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co.,Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ផ្លូវលេខ៥៨ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។ មកដល់ពេលនេះក្រុមហ៊ុនសាងសង់សម្រេចបានប្រមាណ ៦៣ភាគរយហើយ។

តាមរយៈការចុះត្រួតពិនិត្យនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពិនិត្យឃើញភាពខ្វះចន្លោះមួយចំនួនទាក់ទងបច្ចេកទេសនៃការសាងសង់ ហើយបានណែនាំឲ្យក្រុមហ៊ុនម៉ៅការសាងសង់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងអ្នកពាក់ព័ន្ធកែសម្រួលឲ្យបានត្រឹមត្រូវដើម្បីធ្វើឲ្យផ្លូវមានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនងសមាហរណកម្មផ្ទៃក្នុងក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែកដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជា-ថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។ ជាពិសេសជាងនេះទៀតផ្លូវនេះជួយធ្វើឲ្យប្រសើរឡើងដល់ការតភ្ជាប់រវាងកម្ពុជា និងបណ្តាប្រទេសជិតខាងជួយដល់ ការសម្របសម្រួលការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកសិកម្មផងដែរ។

សូមបញ្ជាក់ថា ផ្លូវលេខ៥៨ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ និងទទឹង ១២ម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាល ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបជាង ១២២លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវនេះជាប្រភេទផ្លូវ DBST គិតចាប់ពីផ្លូវបំបែកផ្លុង ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតដល់ផ្លូវជាតិលេខ៥ ដល់ចំណុចភូមិផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕