(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកឡើងថា គណបក្សសង្គ្រោះជាតិធ្វើការប្រកួតប្រជែង ​បោះឆ្នោតដោយគ្មាន សមត្ថភាព ដោយពឹងផ្អែកទាំងស្រុងទៅលើបរទេសចាំជួយនៅពីក្រោយខ្នង។

លោកទេសរដ្ឋមន្ត្រី អៀង ម៉ូលី ថ្លែងបែបនេះក្នុងកាសលោកបានអញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តធម្មមង្គល ក្នុងឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីសំណាក់មន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមជាមួយ លោកអភិបាលស្រុកបរសេដ្ឋ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ អាជ្ញាធរដែនដី និងប្រជាជនប្រមាណជាង២០០នាក់ បានចូលរួមយ៉ាង ច្រើនកោះករផងដែរ។

លោកទេសរដ្ឋម​ន្ត្រី អៀង ម៉ូលី បានថ្លែងយ៉ាងដូច្នេះថា បក្សសង្គ្រោះជាតិបានអនុវត្តក្រោមការបង្គាប់បញ្ជា ផ្តល់ការគាំទ្រទាំងថវិកាសម្ភារ និងបច្ចេកទេសពីអាមេរិក ដែលជាឪរបស់ខ្លួននោះត្រូវបានបែកការណ៍ ហើយត្រូវបានចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា និងចាប់បាន មេក្លោងធំទៀត។ ស្ថានភាពបក្សសង្គ្រោះជាតិនៅពេលនេះ បានបាត់បង់ភាពម្ចាស់ការហើយការខ្វែងយោបល់គ្នា ក៏ចាប់ផ្តើមកក្រើកសាជាថ្មី ជុំវិញជោគវាសនា របស់គណបក្សសង្គ្រោះជាតិ និងផែនការទុច្ចរិតរបស់ខ្លួន។ នៅចំពោះស្ថានភាពដ៏គ្រោះថ្នាក់នេះគេសង្កេតឃើញបក្សសង្គ្រោះជាតិ ចាប់ផ្តើមបែកបាក់ គំនិតក្នុងចំណោមអ្នកដឹកនាំ និងការទទួលការណែនាំថ្មីពីចៅហ្វាយនាយ បរទេសរបស់ខ្លួនដើម្បីរៀបចំសេណារីយូថ្មី។

លោកទេសរដ្ឋម​ន្ត្រី បានបន្តថា «យើងបានមកធ្វើបុណ្យកាន់បិណ្ឌដូចពេលនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាពកម្ពុជា យើងដែលមាន រដ្ឋាភិបាល កើតចេញពីការបោះឆ្នោត និងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន និងអភិវឌ្ឍ លើគ្រប់វិស័យ។ ស្ថិរភាព សន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវបានពង្រឹង យើងធានាបាននូវការបោះឆ្នោតជាទៀងទាត់នៅរៀងរាល់៥ឆ្នាំ។ ហើយយើងចង់បាននូវការបោះឆ្នោតមួយដែលសេរី និងយុត្តិធម៌។ តែគណបក្សប្រឆាំងធ្វើការប្រកួតប្រជែងគ្មានសមភាពដោយមានបរទេស នៅជួយពីក្រោយ»។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ជាភ័ព្វសំណាងល្អដែលយើងបានបកអាក្រាតរឿងនេះ ដោយចាប់មេក្លោងក្បត់ជាតិ កឹម សុខា ដើម្បីឱ្យតុលាការចាត់ចែងតាមនីតិវិធី កុំអីមិនដឹងប្រទេសជាតិវឹកវរយ៉ាងណានោះទេ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលនឹង ឈានមកដល់ពេលឆាប់ៗ នេះ។ ដូច្នេះទោះរៀបចំសេណារីយូថ្មីយ៉ាងណាក៏ដោយ បក្សសង្គ្រោះជាតិ និងបរទេសដែលគាំទ្រខ្លួន នឹងជួបតែបរាជ័យ។ តើពួកគេគួរបន្តចាញ់បោកអាមេរិកទៀតដែរឬទេ ខ្មែរជាឧទាហរណ៍ស្រាប់។ ពីអតីតកាលតើខ្មែររងទុក្ខវេទនាយ៉ាងណាខ្លះ ហើយបច្ចុប្បន្ន កម្ពុជា មានអ្វីខ្លះ?

ហេតុអ្វីបានជាអ្នកនយោបាយខ្មែរមួយចំនួន មិនបញ្ឈប់កំអែលបរទេសនិយមហេតុអ្វីបានចូលចិត្តយកឈាមកម្ពុជាទៅលាងជើង អាមេរិក? កម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នា ហើយប្រជាជនកម្ពុជាជ្រោងទង់ជាតិប្រឆាំង នឹងអ្នកប៉ុនប៉ងបំផ្លាញកម្ពុជាគ្រប់រូបភាព ដើម្បីបុព្វហេតុសន្តិភាព និងការភិវឌ្ឍជាតិ៕