(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកស្រី ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំ សមាជិកគណៈកម្មការកណ្តាល សមាគន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ និងសហការី បាននាំអំណោយទៅចែកជូនដល់គ្រួសារ អ្នកផ្ទុកមេរោគអេដស៍ ចំនួន២០គ្រួសារ នៅក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។

លោកស្រី ឃួន ឃុនឌី បានបន្តថា ការថែរក្សាសុខភាពមានសារសំខាន់ណាស់ ដែលបងប្អូនទូរទៅមិនថា មានសុខភាពធម្មតា ឬមានផ្ទុកមេរោគ អេដស៍ ក៏ដោយប៉ុន្តែចំពោះបងប្អូន អ្នកផ្ទុកមេរោគត្រូវមានការថែរក្សាសុខភាពជាងគេ ដោយសារតែមេរោគនេះ បានទៅបំផ្លាញប្រព័ន្ធភាពស៊ាំរបស់ រាកាយរបស់យើងដែលធ្វើឲ្យយើង ងាយទទួលជម្ងឺឆ្លៀត ឱកាសផ្សេងៗ ដូច្នេះបងប្អូនត្រូវតែរស់នៅ ប្រកបដោយអនាម័យខ្លួនប្រាណ និងម្ហូបអាហារ ជាពិសេសរស់នៅដោយគោរពតាមក្បួនអនាម័យទាំងបីប្រការគឺ រស់ស្អាត ផឹកស្អាត និងហូបស្អាត។ ម្យ៉ាងវិញទៀតសូមបងប្ងូនរស់នៅប្រកប ដោយក្តីសង្ឃឹម និងព្យាយាម អប់រំកូនៗ និងមិត្តភ័ក្តិដ៏ទៃទៀតឲ្យចេះ ការពារខ្លួនពីមេរោគអេដស៍។

លោកស្រី ជុំ កេសាសោភា អនុប្រធានអចិន្ត្រៃអនុសាខាសមាគន៍នារី ជាប្រធានការិយាល័យកិច្ច ការនារីក្រុងស្ទឹងសែន លើកឡើង ពីសមិទ្ធផល សម្រេចបានក្នុងត្រីមាសទី ឆ្នាំ២០១៧ រួមមានចុះអប់រំផ្សព្វផ្សាយ ដល់ក្រុមស្មាតហ្គឺល ចំនួន៦២០នាក់, បញ្ជូនទៅរកសេវា សុខភាពបានចំនួន ៦០៧នាក់, បញ្ជូនទៅរកសេវាសុខភាពបន្តពូជចំនួន១២៥នាក់, ធ្វើតេស្តឈាមចុងម្រាមដៃរកមេរោគអេដស៍ ចំនួន៥៩៨នាក់, ធ្វើតេស្តឈាម ចុងម្រាមដៃរកស្វាយចំនួន៤៩៨នាក់, ចែកស្រោមអនាម័យចំនួន១៦,២៦៩ស្រោម និងលក់ស្រោម ជំនួន១០,៦២០ស្រោម។

អំណោយដែលនាំមកចែកជូនអ្នកផ្ទុកមេរោគអេដស៍នៅក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ទាំង២០គ្រួសាររួមមានដូចជា៖ អង្ករ២៥ គីឡូក្រាម មី១កេះ ត្រីខ៦កំប៉ុង ប៊ីចេង១កញ្ចប់ ស្ករសរ១កញ្ចប់ ភួយ១ សារ៉ុង១ សាប៊ូ៤គីឡូក្រាម និងថវិកាមួយចំនួនផងដែរ៕