(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន ៤៨៩នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យព្រះសង្ឃ) រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ និងលោក យូ ឡាណា អគ្គលេខាធិការរងទី ២ ព្រមទាំងសហការី បានចុះសួរសុខទុក្ខអ្នកជំងឺនៅតាមបន្ទប់នៃមន្ទីរពេទ្យ ដោយបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ យកចិត្តទុកដាក់ និងគិតគូរចំពោះអ្នកជំងឺទាំងអស់ ព្រមទាំងបានផ្តាំផ្ញើសូមថែរក្សាសុខភាពឱ្យបានល្អ មានអនាម័យស្អាត ក្នុងការបរិភោគ-រស់នៅ ពិសេស ត្រូវជៀសវាងការប្រើប្រាស់គ្រឿងញៀន ពិសាបារី និងសេពគ្រឿងស្រវឹង ដែលជាហេតុ នៃការបង្កឲ្យមានអំពើហិង្សា និងធ្វើឱ្យសុខភាពចុះខ្សោយ សេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង-ល- ដើម្បីសុវត្ថិភាពក្នុងពេលធ្វើដំណើរ ជាពិសេស ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។
អ្នកជំងឺដែលកំពុងសម្រាប់ព្យាបាល និងក្រុមគ្រួសារទាំងអស់ មានក្តីរីករាយឥតឧបមា ដោយបានកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ ជួយសម្រាលការលំបាក និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹងនេះ សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ ដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ អស់ពីសមត្ថភាព មានវិជ្ជាជីវៈច្បាស់លាស់ និងពោរពេញដោយក្តីមេត្តា ករុណា មនុស្សធម៌ចំពោះអ្នកជំងឺ។
សូមបញ្ជាក់ថា អ្នកជំងឺទាំង ៤៨៩នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មី ១កេស ត្រីខ ១០កំប៉ុង ស្ករស ២គីឡូក្រាម ទឹកដោះគោខាប់ ៤កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥០.០០០រៀល៕