(ភ្នំពេញ)៖ បុរសជាប្ដីចិត្តខ្លាំង​ ខឹងប្រពន្ធចុះចោលផ្ទះ១សប្ដាហ៍ យកម៉ូតូទៅលក់ដើម្បីទិញកាំភ្លើងទុកបាញ់សម្លាប់ប្រពន្ធ និងម្ដាយក្មេក រួចបាញ់សម្លាប់ខ្លួនឯង តែមិនបានសម្រេច​ព្រោះពេលបាញ់កាំភ្លើងគាំង ក៏បានប្រតាយប្រតប់គ្នា រួចកម្លាំងនគរបាលចុះទៅចាប់ខ្លួនភា្លមៗតែម្ដង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅចំណុចបន្ទប់ជួលលេខ១ តាមផ្លូវលំ ស្ថិតនៅភូមិត្នោតជ្រំ៣ សង្កាត់បឹងពុន២ ខណ្ឌមានជ័យ​។

លោក ហួរ ម៉េងវ៉ាង អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌមានជ័យ ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ស៊ឹម ច័ន្ទរីដា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់​នៅបន្ទប់ជួលភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ប្រាប់ថាសព្វថ្ងៃខ្លួនបានរស់នៅជាមួយស្រ្តីជាម្ដាយ​ ឈ្មោះ គឹម វណ្ណ: អាយុ៥៨ឆ្នាំ។ ដោយឡែកជនសង្ស័យជាប្ដី ឈ្មោះ អ៊ុត បូរី អាយុ​២៦ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ។

បើតាមការរៀបរាប់ពីស្ដ្រីរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ​ខ្លួនបានចេញពីធ្វើការការមកដល់ផ្ទះ បានហូបបាយជុំគ្នា៤នាក់ ជាមួយបងស្រី២នាក់ និងបងប្រុសថ្លៃម្នាក់ទៀត លុះមកដល់ម៉ោង១១៖៣០នាទី ស្រាប់តែមានបុរសជាប្ដីដើរកាត់មុខបន្ទប់ ហើយក៏ឃើញបុរសជាប្ដីមក តែមិនរវល់ក៏ហូបបាយបន្តទៀត ស្រាប់តែបុរសជាប្ដី បានដកកាំភ្លើងខ្លីចេញពីចង្កេះ ហើយដើរចូលក្នុងបន្ទប់ភ្ជង់ខ្លួនដែលជាប្រពន្ធ ហើយម្ដាយ​ស្ទះទៅវាយប្រតាយប្រតាប់ រីឯខ្លួន​ចាប់ដណ្ដើមកាំភ្លើងចេញពីដៃរបស់ប្ដី ​ទើបឃើញសមត្ថកិច្ច​ចុះមកដល់បន្ទប់ជួលចាប់វាយខ្នោះប្ដី យកទៅប៉ុស្ដិ៍តែម្ដង។

​​អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យជាប្ដីបានទទួលស្គាល់ថា ពិតជា​យកកាំភ្លើងខ្លីម៉ាក (ប៉េអាម៉ាប់) ទើបនិងទិញមកក្នុងតំលៃ៦០០ដុល្លារ ទៅគំរាមបាញ់សម្លាប់បើសិនប្រពន្ធមិនត្រលប់ទៅតាមគាត់ តែប្រពន្ធនៅតែមិនព្រមទៅជាមួយ ក៏បានដកកាំភ្លើងអារមេគំរាមបាញ់ ស្រាប់តែសមត្ថកិច្ចចុះមកដល់តែម្ដង។

លោកអធិការរង បានលើកឡើងថា បន្ទាប់ពីមានប្រជាពលរដ្ឋបានប្ដឹងសមត្ថកិច្ចថា មានករណីហិង្សាក្នុងគ្រួសារ ដោយប្រើអាវុធគំរាមបាញ់នៅសង្កាត់បឹងទំពុន២ ក៏បាននាំកម្លាំងប៉ុស្តិ៍ និងកម្លាំងនគរបាលព្រហ្មទណ្ឌ ចុះទៅអន្តរាគមន៍ហើយពេលទៅដល់បន្ទប់ជួលកើតហេតុខាងលើ ក៏ឃើញស្រ្តីម្ដាយក្មេក និងប្រពន្ធបានចាប់បុរសជាប្ដី ដែលប្រើអាវុធខ្លីគំរាមបាញ់សម្លាប់ ហើយក៏កម្លាំង​ធ្វើការឃាត់ខ្លួនជនបង្កហិង្សា និងដកហូតអាវុធខ្លីមួយដើម យកមកសាកសួរនាំនៅប៉ុស្តិ៍តែម្ដង។

បើតាមគំរោងនោះ ជនសង្ស័យ​ខឹងប្រពន្ធ និងប្រច័ណ្ឌខ្លាំងពេកទើបដាច់ចិត្តយកកាំភ្លើងខ្លី ទៅបាញ់សម្លាប់ប្រពន្ធ និងម្ដាយក្មេក ដែលហាមឃាត់មិនឲ្យរស់នៅជាមួយគ្នា តែតាមពិតមកពីបុរសជាប្ដី តែងតែប្រើហិង្សាមកប្រពន្ធជាញឹកញាប់ ទើបប្រពន្ធសម្រេចរត់ចេញពីបន្ទប់ជួលនៅតាខ្មៅ មករស់នៅជាមួយម្ដាយបង្កើត ហើយបុរសជាប្ដីគិតថា មកពីម្ដាយក្មេក និងក្រុមគ្រួសារខាងប្រពន្ធបំបែកបាក់មិនឲ្យរស់នៅជាមួយគ្នា។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញ ដើម្បីរៀបចំ​សំណុំរឿង ​ចាត់ការបន្ដតាមច្បាប់៕​