(ភ្នំពេញ)៖ ទីបំផុត​ ស្នាដៃអក្សរសិល្ប៍ខ្មែរដ៏ល្បីរឿង «ធនញ្ជ័យ» ត្រូវបានរៀបថតចេញជាខ្សែភាពយន្តភាគ ដោយបានធ្វើពិធីក្រុងពាលីថតជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយផលិតកម្ម B&S សហការជាមួយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ខណៈដែលអ្នកដឹក​នាំសម្ដែងក្នុងរឿងនេះ បានបង្ហាញក្ដីបារម្ភ និងបង្ហាញពីការលំបាក​ជាច្រើន នៅក្នុងការថតរឿងបុរាណមួយនេះ ឲ្យបានល្អ និងមានគុណភាពខ្ពស់ អាចទទួលយកបាន។

ជាការពិត ការថតរឿងបុរាណ ជាពិសេសរឿងដែលត្រូវបានគេសិក្សាចងចាំ ល្បីពេញប្រទេសទៅហើយនោះ បើកាលណាមានផលិតករ និងផលិតកម្មណា យកមកកែច្នៃចេញជារឿងភាគ មានការសម្ដែងឲ្យចេញជារូបរាងពិតៗ គឺហាក់បីដូចជាមានលក្ខណៈ​ពិបាកបន្តិច ព្រោះនៅក្នុងរឿងតម្រូវឲ្យអ្នកដឹក​នាំសម្ដែង ធ្វើយ៉ាងណាស្វះ​ស្វែង​ទិដ្ឋភាព តួអង្គ និងរកឧបករណ៍ ឲ្យបានគ្រប់ជ្រុង​ជ្រោយទាំងអស់ ជៀសវាងខ្វះខាតនូវចំណុចណាមួយ ហើយពេលចេញមកមានការរិះគន់ ពីអ្នកទស្សនា។

​លោក ទិត្យ ធារិទ្ធ អ្នកដឹកនាំសម្ដែងរឿង «ធនញ្ជ័យ» បានបង្ហាញក្ដីបារម្ភថា ទោះបីជាលោកធ្លាប់មានបទពិសោធន៍ ដឹកនាំសម្ដែងរឿងអស់រយៈពេល​ជិត២០ឆ្នាំមកហើយក្ដី ក៏ប៉ុន្តែ ​ពេលលោកមកដឹកនាំសម្ដែង​ក្នុងរឿង «ធនញ្ជ័យ» លោក​មានការបារម្ភខ្លាំង ព្រោះតែរឿងនេះ ជាប្រភេទរឿងបុរាណ មានលក្ខណៈប្រទាក់ក្រឡា​គ្នា​ខ្លាំង ជាពិសេសការ​ជ្រើសរើសតួសម្ដែង ទីតាំងថត ឧបករណ៍ថត សម្ភារៈផ្សេង ក្នុងនោះមានដូចជា សេះ ដំរី ទូកឬសំពៅ និងផ្នែកមួយចំនួនទៀតនៅ​ក្នុងរឿង គឺពិបាករក យកមកបំពេញឲ្យបានគ្រប់​គ្រាន់ណាស់ ខណៈបច្ចុប្បន្នសត្វពាហនៈទាំងនោះ ​មានចំនួនតិចតួច​បំផុត។

អ្នកដឹកនាំសម្ដែងរូបនេះ បានបង្ហាញក្ដីបារម្ភទៀតថា ម្យ៉ាងទៀតទុនផលិតនៅក្នុងរឿង «ធនញ្ជ័យ»​ ក៏នៅមានកម្រិត និងមានបរិមាណតិចនៅឡើយ ដែលមិនអាចបំពេញតាមតម្រូវការ ទាំងស្រុងបាននោះទេ។ ដូច្នេះអ្វីៗត្រូវតែខិតខំប្រឹងប្រែងទាំងអស់គ្នា គ្រប់ផ្នែកទាំងអស់ ទាំងតួសម្ដែង បច្ចេកទេស និងការដឹកនាំរបស់ក្រុមហ៊ុន​​ទាំងមូល ធ្វើយ៉ាងណាឲ្យផ្ទៃរឿងទាំងមូល គេចផុតពីការរិះគន់។

លោក ទិត្យ ធារិទ្ធ និយាយថា «សម្រាប់រឿង ធនញ្ជ័យ គឺជារឿងទី១ហើយ ដែលខ្ញុំ​មានការបារម្ភ​ខ្លាំង រហូតពេលខ្លះដេកមិនលក់ទៀតផង ព្រោះរឿងនេះ ជារឿងបុរាណមានការសិក្សា ដឹងឮគ្រប់ៗគ្នា ហើយយកមកថតចេញជារឿងភាគ។ វាគឺការលំបាកមួយសម្រាប់ខ្ញុំ ដើម្បីឲ្យផលិតបានជោគជ័យ ពេលខ្លះបារម្ភពេក ចង់ទៅជាឈឺហើយខ្ញុំ។ ការលំបាកទី១នោះ គឺថវិកា ក្នុងការផលិត គឺនៅទាបមែនទែន វាមិនស្មើនឹង​ទំហំនៃសាច់រឿង, ទី២ ការស្វែងរកសត្វពាហនៈដើម្បីថត ដូចជា សេះ ដំរី ជាដើម, ទី៣ ការស្វែង​រកទីតាំងថត និងទី៤ ការជ្រើសរើស​តួសម្ដែង និង​បច្ចេកទេសថតជាដើម»

យ៉ាងណាមិញលោក ទិត្យ ធារិទ្ធ បានសម្ដែងក្ដីរំពឹងថា ទោះស្ថិតក្នុងកាលៈទេសៈ លំបាកលំបិនបែបនេះក្ដី ក៏លោកត្រូវតែខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ព្រោះដោយសារតែក្រុមហ៊ុន បានទទួលកិច្ចសហការជាមួយនឹងស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ ដោយខាងស្ថានីយទូរទស្សន៍ចង់បានរឿងនេះ ដើម្បីដាក់បញ្ចាំង ដូច្នេះលោក និងក្រុមការងារត្រូវតែតស៊ូធ្វើយ៉ាងណា ឲ្យចប់តាមគោលដៅ និងគម្រោង។

សូមបញ្ជាក់ថា រឿង «ធនញ្ជ័យ» មានការចូលរួមសម្ដែងជាតួឯក ដោយ នាយព្រែក និងតួឯកស្រីដោយកញ្ញា ពៅ លីដា ព្រមទាំងតារាសម្ដែងល្បីៗជាច្រើនទៀត ខណៈរឿងនេះ មានចំនួន៣០ ទៅ៤០ភាគ និងប្រើ​រយៈពេលថត ពី៥ទៅ៦​ខែ​ ទើបបញ្ចប់៕