(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ដែលចូលមកស្នាក់នៅដោយច្បាប់ នៅផ្ទះកាត់ដេរលេខ២៥REo ផ្លូវលេខ១៧៣ ភូមិទី៧ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង សៀង សុខ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចដែនដី និងអាជ្ញាធរមូលដ្ឋាន។
ប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង៧នាក់នេះ ស្រី៣នាក់ បានលួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕