(ភ្នំពេញ)៖ ទំនាក់ទំនងការទូតរវាង សហរដ្ឋអាមេរិកនិងកម្ពុជា គឺមានរយៈជាង៦០ឆ្នាំមកហើយ។ នៅក្នុងរយៈកាលនេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ គឺស្ថិតនៅលើដំណើរផ្លូវដ៏រលាក់ ហើយវាបានផ្តល់នូវភាពឈឺចាប់និងភាពជូរចត់ ច្រើនជាងភាពផ្អែមល្ហែម។

យើងគួររំលឹកឡើងវិញថា ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរបានចាប់ផ្តើមជាផ្លូវការនិងជាប្រវត្តិសាស្ត្រនៅឆ្នាំ១៩៥០ ក្នុងសម័យសម្តេចព្រះនរោត្តម សីហនុ។ យើងគួរយកឱកាសនេះ អរគុណដល់ឯកអគ្គរដ្ឋទូតកាលណោះដូចជា Donald R. Heath និង McClintock ដែលជាអ្នកចាប់ផ្តើមដំបូងក្នុងការដឹកនាំ បេសកកម្មការទូតរវាងប្រទេសយើងទាំងពីរ រហូតបង្កើតឲ្យមានដំណើរទស្សនកិច្ចផ្លូវការ របស់លោកជំទាវទី១ Jacqueline Kennedy មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៦៧។

ក៏ប៉ុន្តែ ២០ឆ្នាំក្រោយមក គឺនៅទសវត្សរ៍ឆ្នាំ១៩៧០ ក្នុងដំណាក់កាលសង្គ្រាមវៀតណាម ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរបានដើរដល់របត់ផ្លូវដ៏គ្រោះថ្នាក់និង ដ៏អាក្រក់បំផុត។ អាមេរិកមិនត្រឹមតែសម្លាប់មិត្តភាពដ៏ក្មេងខ្ចីរបស់យើងប៉ុណ្ណោះទេ គឺអាមេរិកថែមទាំងបានសម្លាប់ប្រជាជនកម្ពុជា តាមរយៈការទម្លាក់គ្រាប់បែក ជាង២លាន៧សែនតោនមកលើមាតុភូមិដ៏កំសត់របស់យើងខ្ញុំ។ អាមេរិកបានធ្វើឲ្យប្រជាជនកម្ពុជាស្លូតត្រង់របស់យើងខ្ញុំ ជាង៨សែននាក់បានស្លាប់ ក្នុងសង្គ្រាមស៊ីវិលនាពេលនោះ។

ជាងនេះទៀត ការជ្រៀតជ្រែកនិងការឈ្លានពានរបស់ អាមេរិកនៅកម្ពុជាក្នុងគ្រានោះ បាននាំឲ្យមាតុភូមិកម្ពុជាយើងខ្ញុំបែកបាក់យ៉ាងជ្រាលជ្រៅ ដោយអំពើរដ្ឋប្រហារ ការធ្វើបដិវត្តន៍ប្តូររបប និងបង្ករឱកាសឲ្យកើតមានរបបវាលពិឃាដនៅកម្ពុជា។ ទីបំផុតអាមេរិកធ្វើសង្គ្រាម ក៏ប៉ុន្តែកូនខ្មែរបែរជាអ្នកជំពាក់បំណុលអាមេរិក រហូតមកដល់សព្វថ្ងៃ។ សម្រាប់ប្រជាជនកម្ពុជា មរតកបែបនេះ គឺមហាសែនជូរចត់និងឈឺចាប់ណាស់។ អាមេរិកគួរយល់ពីការពិតនេះ!។

ទម្រាំអាចស្តារឡើងវិញនូវទំនាក់ទំនងការទូតជាថ្មីរវាងអាមេរិកនិងកម្ពុជា គឺត្រូវការរយៈពេលជាង១០ឆ្នាំ ពោលគឺរហូតមកដល់ឆ្នាំ១៩៩១ ក្នុងសម័យសម្តេចតេជោ ហ៊ុន សែន ទើបទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានចាប់ផ្តើមជាប្រវត្តិសាស្ត្រសារជាថ្មីឡើងវិញ។ ប្រជាជនយើងទាំងពីរបានអបអរសារទរ ចំពោះការខិតខំប្រឹងប្រែងស្តារទំនាក់ទំនងការទូតសារជាថ្មីនេះ។

យើងគួរយកឱកាសនេះ អរគុណដល់ឯកអគ្គរដ្ឋទូតដ៏មានសីលធម៌ដូចជាលោក Charles H. Twining, លោក Kenneth M. Quinn, លោក Charles A. Ray, លោក Joseph Mussomeli និងលោកស្រី Carol Rodley ដែលបានបង្ហាញសមាន្យចិត្តជួយកម្ពុជា។ យើងក៏គួរយកឱកាសនេះអរគុណដល់អ្នកការ ទូតអាមេរិកខាងលើនេះ ដែលនាំឲ្យមានដំណើរទស្សនកិច្ចផ្លូវការជាថ្មីរបស់លោកជំទាវទី១ Michelle Obama រួមទាំងប្រធានាធិបតី និងអតីតប្រធានាធិបតីអាមេរិកមួយចំនួនមកកាន់ព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់។

ក៏ប៉ុន្តែចាប់ពីតាំងពីឆ្នាំ២០១៣មក នៅក្នុងជំនាន់លោក William E. Todd និង William A. Heidt គឺឯកអគ្គរដ្ឋទូតទាំងពីរហាក់ធ្វើសកម្មភាព មិនបម្រើឲ្យផលប្រយោជន៍ជាដុំកំភួនដល់ប្រជាជនយើងទាំងពីរទាល់តែសោះ។ ឯកអគ្គរដ្ឋទូតអាមេរិកាំងទាំងពីរបានធ្វើឲ្យយើងយល់ថា អាមេរិកមិនស្មោះត្រង់ចំពោះប្រជាជនកម្ពុជាយើងខ្ញុំទេ។ ជាងនេះទៅទៀត យើងក៏បានយល់ថា ទូតអាមេរិកបច្ចុប្បន្ននេះព្យាយាមជ្រៀតជ្រែក អុជអាល និងបំបែកបំបាក់ប្រជាជនយើងខ្ញុំ ឲ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិលសារជាថ្មីដូចប្រវត្តិសាស្ត្រជូរចត់អតីតកាលក្រោយឆ្នាំ១៩៧០។

ឥរិយាបទក្រអឺតក្រទមរបស់លោក William E. Todd ចំពោះមុខព្រះភ័ក្រព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើងខ្ញុំនៅឆ្នាំ២០១៤ គឺជាការប្រមាថធ្ងន់ធ្ងរ បំផុតលើតម្លៃនិងអធិបតេយ្យកម្ពុជា។ រូបត្រីក្រហម Red Heggins របស់លោក William A. Heidt ថ្មីៗនេះ គឺកាន់តែធ្វើឲ្យប្រជាជនកម្ពុជា ប្រុងប្រយ័ត្នចំពោះចរិតអាមេរិក ដោយយើងចាត់ទុកថា សកម្មភាពបែបនេះកំពុងតែឃ្លាតកាន់តែឆ្ងាយពីតួនាទីជាអ្នកការទូតថ្លៃថ្នូរហើយ។ ជាងនេះទៅទៀត យើងចាត់ទុកថា នេះជាសកម្មភាពពិសពុល អុជអាលប្រជាជនយើងខ្ញុំឲ្យប្រេះស្រាំនិងជាការព្យាយាមបំបែកបំបាក់ស្មារតីជាតិយើងខ្ញុំ។

លោក William A. Heidt គួរយកពេលវេលានេះអប់រំខ្លួនឯងផងនិងអប់រំបក្សប្រឆាំងផងឲ្យយល់អំពី៖ ដំណើរការប្រជាធិបេតេយ្យដែលត្រូវគោរពសម្លេងភាគច្រើនដែលឈ្នះឆ្នោត ឲ្យយល់ពីតម្លៃលទ្ធផលការបោះឆ្នោត ឲ្យអនុវត្តយន្តការប្រជាធិបតេយ្យតាមរយៈរដ្ឋសភា និងឲ្យយល់អំពីអាណត្តិបោះឆ្នោត៥ឆ្នាំម្តង។ ប្រជាធិបតេយ្យដែលអនុវត្តតែនៅក្នុងទីស្នាក់ការគណបក្ស ឬតវ៉ាតាមដងផ្លូវតាមសួន គឺមិនថ្លៃថ្នូរ ហើយមិនអាចដោះស្រាយបញ្ហាជាតិបានទេ។ ប្រជាធិបតេយ្យដែលជំទាលជេរប្រមាថជាតិឯងជារៀងរាល់ថ្ងៃ កាន់តែថោកទាប និងបង្កើតបញ្ហាទៅប្រជាជន។ ប្រជាធិបតេយ្យដែលប្រើវោហាសាស្ត្រផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមការអុជអាលពីបរទេស គឺកាន់តែគ្រោះថ្នាក់ចំពោះប្រទេសជាតិ។

ប្រជាជនកម្ពុជាយើងខ្ញុំមិនទទួលយករបៀបនេះទេ។ ប្រតិកម្មតបរបស់ប្រជាជនយើងខ្ញុំចំពោះការជ្រៀតជ្រែកនេះ អាមេរិកគួរយល់បានថា ប្រជាជនកម្ពុជា ត្រូវការការគោរពតម្លៃគ្នាទៅវិញទៅមក និងត្រូវការការគោរពអធិបតេយ្យគ្នាទៅវិញទៅមក។ ប្រជាជនកម្ពុជាត្រូវការសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍។ ប្រជាជនកម្ពុជាមិនត្រូវការ«ប្រជាធិបតេយ្យក្លែងក្លាយ» និងមិនត្រូវការ«ប្រជាធិបតេយ្យពិសពុល»នោះទេ។

មិត្តអាមេរិកគួរយល់ថា មាតុភូមិកម្ពុជាជាទីស្នេហារបស់យើងខ្ញុំធ្លាប់បានខ្ទេចខ្ទាំដោយសារសង្គ្រាមស៊ីវិល ដោយសារការទម្លាក់គ្រាប់បែករបស់អាមេរិក និងអំពើប្រល័យពូជសាសន៍។ របួសពីអតីតកាលងាយរើឡើងវិញណាស់ ហើយវាហាក់ដូចជានៅស្រស់ថ្មីៗសម្រាប់ប្រជាជនកម្ពុជាយើងខ្ញុំនៅឡើយ។ ប្រជាជនកម្ពុជា នៅមានការចងចាំឡើងវិញដោយក្តីឈឺចាប់ថា៖ «អាមេរិកធ្វើសង្គ្រាម បែរជាឲ្យកម្ពុជាជាអ្នកចេញលុយ។ ប្រជាជនកម្ពុជាជំនាន់ក្រោយយើងខ្ញុំដែលមិនដឹងអ្វីសោះ បែរជាត្រូវជំពាក់បំណុលសង្គ្រាមរបស់អាមេរិកនៅឡើយ។ អាមេរិកមិនដែលសុំទោសចំពោះកំហុសរបស់ខ្លួននៅឡើយទេ។ វាអយុត្តិធម៌ណាស់! ទោះបីជាយ៉ាងណា សូមមិត្តអាមេរិកចងចាំដែរថា «អាមេរិកក៏នៅជំពាក់ឈាមនិងជីវិតប្រជាជនកម្ពុជាយើងខ្ញុំច្រើនណាស់»។

ឥឡូវនេះ ប្រជាជនកម្ពុជាយើងខ្ញុំបានដឹងច្បាស់ណាស់ថា អាមេរិកបាននាំប្រជាធិបតេយ្យក្លែងក្លាយទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា។ បើអាមេរិកបន្តរបៀបនេះនៅមាតុភូមិយើងខ្ញុំ គឺកិត្តិយសនិងកិត្តិស័ព្ទរបស់អាមេរិកនឹងកាន់តែអាក្រក់ចំពោះប្រជាជាតិយើងខ្ញុំផង និងចំពោះពិភពលោកផង។ មិត្តអាមេរិកគួរស្តារកិត្តិយសឡើងវិញ និងចែកឲ្យដាច់រវាង «ប្រជាធិបតេយ្យ»និង«ប្រល័យ»។

យើងដឹងច្បាស់ថា នៅពេលសង្គ្រាមកើតឡើង សូម្បីតែអាមេរិកក៏រត់ចោលយើងខ្ញុំដែរ។ ឥឡូវនេះ ទូតអាមេរិកខំអួតលើជំនួយបន្តិចបន្តួចលើការការពារព្រៃឈើ លើការអប់រំ និងការអភិរក្សប្រាសាទរបស់ប្រជាជនកម្ពុជា ដែលការពិត ជំនួយនេះតិចតួចណាស់បើប្រៀបធៀបនឹងជំនួយពីមិត្តជប៉ុន ចិន បារាំង និងឥណ្ឌាជាដើម។ ពិតណាស់ ការរួមចំណែកដ៏ស្តួចស្តើងបែបនេះ ក៏វាអាចធ្វើទៅបានតែក្នុងពេលវេលាដែលប្រទេសមានសន្តិភាព និងស្ថេរភាពតែប៉ុណ្ណោះ។

មិត្តអាមេរិកគួរព្យាយាមយល់និងគាំទ្រចំពោះសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាជនកម្ពុជាយើងខ្ញុំ នោះគឺសេចក្តីត្រូវការខាងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលត្រូវតែដើរស្របគ្នានឹងស្ថេរភាពនយោបាយ និងសន្តិភាពយូរអង្វែង។ ប្រទេសកម្ពុជា មិនទាន់ដល់ថ្នាក់ត្រូវព្យួរប្រជាធិបតេយ្យដោយឡែក ដើម្បីរក្សារការពារស្ថិរភាពនិងការរីកចម្រើនរបស់ប្រទេសនៅឡើយទេ។ កម្ពុជា ក៏នៅបន្តត្រូវការមិត្តស្មោះត្រង់ពីគ្រប់ទិសទី ដើម្បីនៅជាមួយយើងគ្រប់កាលៈទេសៈ។ បើមិត្តអាមេរិកមានជំហរយ៉ាងណាចំពោះមហាមិត្ត ចិន និង រុស្ស៊ី ក៏មិនគួររុញយើងខ្ញុំជាឧបករណ៍នៃល្បែងនយោបាយដើម្បីប្រយោជន៍សួនតួរបស់អ្នកនោះទេ។

រហូតមកទល់ពេលនេះ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីនៅមានគម្លាតគ្នាឆ្ងាយនៅឡើយ។ យើងមិនទាន់ជឿទុកចិត្តគ្នានៅឡើយទេ។ ជាងនេះទៅទៀត ប្រជាជនកម្ពុជាយល់ថា ទូតអាមេរិកជាអ្នកនៅពីក្រោយនៃការរុញច្រានបក្សប្រឆាំងឲ្យហ៊ានធ្វើនយោបាយថោកទាប ដើម្បីមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្នរបស់យើងខ្ញុំ ដូចអ្វីដែលអាមេរិកធ្លាប់គាំទ្រ លន់ ណុល ឲ្យធ្វើរដ្ឋប្រហារយ៉ាងអយុត្តិធម៌ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ជាទីគោរពសក្ការៈរបស់យើងខ្ញុំនៅឆ្នាំ១៩៧០។

ដូច្នេះ ឯកអគ្គរដ្ឋទូតអាមេរិកគួរពិនិត្យឡើងវិញអំពីសកម្មភាពនិងឥរិយាបទរបស់ខ្លួនចំពោះប្រជាជនកម្ពុជា ជៀសវាងតម្លៃមិត្តភាពដែលខំកសាងជាង៦០ឆ្នាំមកនេះ និងបន្តទៅមុខទៀតបន្តស្ថិតនៅលើផ្លូវរលាក់ ឬបង្កើតការឈឺចាប់ជាថ្មីទៀត។ ឯកអគ្គរដ្ឋទូតអាមេរិកបច្ចុប្បន្ន ក៏មិនគួរបន្តធ្វើសកម្មភាពក្នុងបំណងពិលពុលប្រែក្លាយប្រទេសកម្ពុជាពី «សន្តិភាពទៅជាសង្គ្រាម» ជាថ្មីទៀតនោះឡើយ។ យើងទាំងអស់គ្នាមិនទទួលយកទេ។ ស្មារតីជាតិ និងឧត្តមគតិជាតិនៅតែរំលឹកយើងខ្ញុំឲ្យប្រុងប្រយ័ត្នជានិច្ច ហើយតែងតែដាស់យើងឲ្យហ៊ានរួមគ្នាតស៊ូប្រឆាំងចំពោះ«បដិវត្តន៍ពណ៌»គ្រប់រូបភាពមិនឲ្យកើតមានសារជាថ្មីនៅលើទឹកដីកម្ពុជាយើងខ្ញុំជាដាច់ខាត។

យើងខ្ញុំក៏សូមចម្លងលិខិតចំហរនេះជូនទៅកាន់មិត្តភក្តិបរទេសឯទៀតដែរ ឲ្យយល់ពីមនោសញ្ចេតនា និងការតាំងចិត្តដ៏មោះមុតរបស់យើងខ្ញុំ ក្នុងការការពារ អធិបតេយ្យជាតិ និងមិនទទួលយកការជ្រៀតជ្រែកណាមួយដែលធ្វើឲ្យប្រទេសជាតិយើងខ្ញុំឈឺចាប់សារជាថ្មីនោះឡើយ៕

យើង, ប្រជាជនកម្ពុជា!

រូបភាពពី Facebook