(ភ្នំពេញ)៖ សំណុំរឿងដែលបុរសជាឪពុក និងកូនស្រី ត្រូវបានតុលាការខេត្តកណ្ដាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររឿងឲ្យលុយចាយ តែបែរជាប្ដឹងរឹបអូសយកផ្ទះសំបែង និងដីធ្លី រហូតប្ដឹងទៅតុលាការដាក់គុកដាក់ច្រវ៉ាក់នោះ ត្រូវបានសាលាឧទ្ធរណ៍ចេញសាលដីកា សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។
ដំណឹងដ៏ត្រេកអរ និងសប្បាយរីករាយជាទីបំផុតរបស់ក្រុមគ្រួសារមួយនេះ ក្រោមការវិនិច្ឆ័យដ៏យុត្តិធម៌របស់សាលាឧទ្ធរណ៍ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីកូនប្រុស របស់ជនជាប់ចោទ យឿន សីហា តាមរយៈអង្គភាពព័ត៌មាន Fresh News បានទទូចដល់សាលាឧទ្ធរណ៍ ដើម្បីឲ្យឪពុករបស់ខ្លួន និងបងស្រីរបស់ខ្លួន ជាប់ពន្ធនាគារជាយូរថ្ងៃមកនោះ អាចចេញមកវិញជួបជុំក្រុមគ្រួសារ។
យោងតាមការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះរបស់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ ដែលមានលោកចៅក្រម ឃុន លាងម៉េង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងកញ្ញា យ៉ិន សុគន្ធារី ជាតំណាងមហាអយ្យការនោះ បានបង្គាប់ទៅប្រធានមន្ទីរឃុំឃាំងពន្ធនាគារខេត្តកណ្ដាល ដោះលែងឈ្មោះ នឹម យឿន និងឈ្មោះ ស្រ៊ុន ចរិយា ចេញពីមន្ទីរឃុំឃាំងជាបន្ទាន់ ដោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
យុវជន យឿន សីហា ដែលបានអះអាងមកកាន់អង្គភាពព័ត៌មាន Fresh News បានបញ្ជាក់ថា ឪពុក និងបងស្រីរបស់ខ្លួនបានចេញពីពន្ធនាគារហើយ ឥឡូវនេះបានមកជួបជុំក្រុមគ្រួសារវិញ ដោយក្ដីរំភើបឥតឧបមារនឹកស្មានមិនដល់។ យុវជនរូបនេះព្រមទាំងក្រុមគ្រូសារទាំងមូល លើកដៃម្រាមទាំង១០ ថ្លែងអំណរគុណយ៉ាងពន់ពេក ដល់ប្រមុខនៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងជាពិសេសសាលាឧទ្ធរណ៍ ដែលបានផ្ដល់សុភ័ក្រវិនិច្ឆ័យយ៉ាងយុត្ដិធម៌ជាទីបំផុត។
សូមបញ្ជាក់ថា យុវជនរស់នៅខេត្តកណ្តាលម្នាក់ បានសុំទទូចដល់សាលាឧទ្ធរណ៍ជួយ ផ្តល់យុត្តិធម៌ជូនក្រុមគ្រួសាររបស់ខ្លួន មានឪពុក និងបងស្រី នៅពេលភាគីម្ខាងទៀត បានប្តឹងទៅតុលាការខេត្ត រហូតចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌ ដោយផ្តើមចេញពីរឿងឲ្យខ្ចីលុយ ហើយបែរជាប្តឹងទៅតុលាការដើម្បីរឹបអូសយកផ្ទះសម្បែង និងដីធ្លីទៅវិញ។
តាមពិតដំណើររឿងនេះត្រូវបានយុវជន យឿន សីហា ដែលអះអាងថា ជាជនរងគ្រោះនៅក្នុងសំណុំរឿងនេះ បានរៀបរាប់ថា តាមពិតទឹកប្រាក់ដែលបងស្រីរបស់ខ្លួន បានខ្ចី ពីបុរសម្នាក់ឈ្មោះ កុក វិទូ ជាបន្តបន្ទាប់រហូតដល់៤០០០ដុល្លារ គឺមានលទ្ធភាពសងត្រឡប់ទៅវិញ ប៉ុន្តែបែរមិនទទួលយក ហើយក៏ដាក់ពាក្យបណ្តឹងទៅតុលាការ រហូតចុះមករឹបអូសទ្រព្យសម្បត្តិ និងដីធ្លីតែម្តង។
យុវជន យឿន សីហា តាមរយៈអង្គភាពព័ត៌មាន Fresh News បានរៀបរាប់ថា «កាលពីឆ្នាំ២០១២ បងស្រីរបស់ខ្ញុំ ឈ្មោះ ស្រ៊ុន ចរិយា និងឈ្មោះ កុក វិទូ បានរាប់អានគ្នា ដោយឃើញបងស្រីខ្ញុំ ឆ្ងាយពីប្តីរបស់គាត់ឈ្មោះ កុក វិទូ បានឲ្យលុយបងស្រីខ្ញុំខ្ចីបន្តិចៗ សរុបទៅប្រហែល$៤០០០ ដោយគ្មានការប្រាក់ និងលិខិតស្នាមត្រឹមត្រូវឡើយ។
ក្រោយមកមិនដឹងមានបញ្ហាអ្វីជាមួយគ្នាស្រាប់តែឈ្មោះ កុក វិទូ បានឲ្យក្រុមគ្រួសារយើងខ្ញុំ ទៅជួបក្រឡាបញ្ជីខេត្តកណ្តាល ដោយផ្ទេរកម្មសិទ្ធិដី និងផ្ទះទៅឲ្យគាត់ ប៉ុន្តែក្រុមគ្រួសារខ្ញុំបដិសេធ។ បន្ទាប់មកឈ្មោះ កុក វិទូ បែរជាប្រើវិធីសះជាជាមួយក្រុមគ្រួសារយើងខ្ញុំ លើលិខិតលេខៈ០៥៦ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយឲ្យបងស្រីខ្ញុំផ្តិតស្នាមេដៃលើក្រដាស ដោយព្រមព្រៀងទទួលយកប្រាក់ចំនួន $៤០០០ ដោយមិនប្រគល់លិខិតកំណត់ហេតុសះជានៃទឹកប្រាក់ព្រមព្រៀង ឲ្យមកស្រីខ្ញុំទេ ប៉ុន្តែដល់ថ្ងៃកំណត់នៃការសងប្រាក់ បែរជាឈ្មោះ កុក វិទូ មិនព្រមទទួលយកប្រាក់ ដូចអ្វីដែលបានសន្យា បែរជាក្នុងកំណត់ហេតុសះជាលេចឡើងថាបងស្រីខ្ញុំជំពាក់ $១៦,០០០ US ទៅវិញ។
ក្រោយមកក្រុមគ្រួសារខ្ញុំ បានទទួលដីកាកោះលើកទី១ និងទី២ លើសំណុំរឿងព្រហ្មទណ្ឌលេខ១១៦១ អ.ក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់តុលាការខេត្តកណ្តាល ពីដំណើររឿងដែលឈ្មោះ កុក វិទូ ប្តឹងក្រុមគ្រួសារយើងខ្ញុំពីបទ (រំលោភលើលំនៅដ្ឋាន និងលួចដោយប្រើប្រាស់ហិង្សា) ទៅវិញ។ មិនតែប៉ុណ្ណោះស្រាប់តែនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៤:២៨ នាទីរសៀល លោកមេឃុំបានទូរស័ព្ទមកក្រុមគ្រួសារយើងខ្ញុំថា ភូមិបាលសុរិយោដីស្រុក បានឲ្យមេឃុំចុះហត្ថលេខាលើសំណុំបែបបទ ក្នុងការធ្វើប័ណ្ណកម្ម សិទ្ធិដីធ្លី ឲ្យទៅឈ្មោះ កុក វិទូ ទៅវិញ ដោយក្រុមគ្រួសារយើងខ្ញុំ បានដាក់ពាក្យបណ្តឹងទប់ស្កាត់នៅថ្នាក់ឃុំ ដើម្បីកុំឲ្យឈ្មោះ កុក វិទូ ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមក។
បន្ទាប់មកឈ្មោះ កុក វិទូ នេះនៅតែចង់បានដី និងផ្ទះរបស់ក្រុមគ្រួសារយើងខ្ញុំ រហូតបានដាក់ពាក្យសុំដីកាសម្រេចអនុវត្តដោយបង្ខំទៅតុលាការខេត្តកណ្តាល ដើម្បីស្នើសុំសាលាដំប្រគល់ដី និងផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រុមគ្រួសារយើង ខ្ញុំប្រគល់ឲ្យគេទៅវិញ។ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ អាជ្ញាសាលារបស់តុលាការខេត្តកណ្តាល បានបង្គាប់បញ្ជាឲ្យក្រុមគ្រួសារយើងខ្ញុំ រុះរើឥវ៉ាន់ចេញពីផ្ទះ និងដីដែលជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមគ្រួសារយើងខ្ញុំថែមទៀតផង ប៉ុន្តែក្រុមគ្រួសារយើងខ្ញុំ ក៏បានបដិសេធចំពោះការរុះរើចេញនេះ ពីព្រោះវាពិតជាអយុត្តិធម៌ណាស់ សម្រាប់ក្រុមគ្រួសារយើងខ្ញុំ ទើបក្រុមគ្រួសារយើងខ្ញុំនៅតែបន្តរស់នៅលើផ្ទះ និងដី ដែលជាកម្មសិទ្ធិស្របច្បាប់ របស់ក្រុមគ្រួសារយើងខ្ញុំ ប្រមូលឥវ៉ាន់ចូលទៅរស់នៅលើដី ស្រាប់តែព្រះរាជអាជ្ញាតុលាការខេត្តកណ្តាល បានចោទប្រកាន់ក្រុមគ្រួសារយើងខ្ញុំពីបទ (ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត និងធ្វើឲ្យខូចខាតដោយចេតនានៃមាត្រា២៥៣ នៃច្បាប់ភូមិបាល និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ) និងបានចេញដីកាសម្រេចឃុំខ្លួន ក្រុមគ្រួសារយើងខ្ញុំថែមទៀតផង ដែលមានបងស្រីខ្ញុំ និងឪពុករបស់ខ្ញុំកំពុងស្ថិតនៅក្នុងពន្ធនាគារ៕