(ភ្នំពេញ)៖ នារីជានិស្សិតខ្មែរ-ឥស្លាម បានត្អូញត្អែរថា ការតម្រូវរបស់ក្រុមហ៊ុនឯកជនឲ្យស្លៀកឯកសណ្ឋាន ពេលបម្រើការងារនោះ បានក្លាយទៅឧបសគ្គ និងផលលំបាកសម្រាប់ពួកគេក្នុងការងារធ្វើនៅពេលបញ្ចប់ការសិក្សា។
កញ្ញា អាដាម លីម៉ា បានថ្លែងបង្ហាញភាពសប្បាយរីករាយចំពោះការយកចិត្តទុកដាក់ទៅសាសនាមូស្លីមនៅកម្ពុជា ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កញ្ញា លីម៉ា បានកត់សម្គាល់ថា ព្រោះតែនយោបាយលើកកម្ពស់ និងមិនរើសអើងសាសនារបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យការរស់នៅ និងការប្រាស្រ័យទាក់ទងរបស់ប្រជាពលរដ្ឋនៅកម្ពុជា មានភាពល្អប្រសើរ និងមិនមានអ្វីចោទជាបញ្ហានោះឡើយ។
សម្រាប់ លីម៉ា ការរស់នៅ និងការប្រាស្រ័យទាក់ទងចំពោះជីវិតប្រចាំថ្ងៃមិនមែនអ្វីជាឧបសគ្គនោះទេ ប៉ុន្តែអ្វីដែលជាឧបសគ្ គសម្រាប់កញ្ញា ជាស្រ្តីកាន់សាសនាមូស្លីមនោះ គឺការតម្រូវឲស្លៀកសម្លៀកបំពាក់ឯកសណ្ឋានពីសំណាក់ ក្រុមហ៊ុនឯកជននានា ដោយមិនឲ្យស្លៀកសម្លៀកបំពាក់តាមប្រពៃណីនោះ បានធ្វើឲ្យកញ្ញា និងនិស្សិតជាស្រ្តីខ្មែរ-ឥស្លាម ដទៃទៀត លំបាករកការងារធ្វើពេលបញ្ចប់ការសិក្សា។
កញ្ញា អាដាម លីម៉ា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ពេលកញ្ញា ទៅដាក់ពាក្យបម្រើការងារនៅតាមក្រុមហ៊ុន ឯកជននានា គឺខាងក្រុមហ៊ុនតែងតម្រូវឲ្យកញ្ញាស្លៀកសម្លៀកបំពាក់ឯកសណ្ឋាន។
កញ្ញា លីម៉ា ដែលបញ្ចប់ការសិក្សាផ្នែកគណនេយ្យបានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «គេតម្រូវឲ្យយើងស្លៀកពាក់ឯកសណ្ឋាន តាមគេ ព្រោះអីបុគ្គលិកគេទាំងអស់ត្រូវពាក់ដូចៗគ្នា។ អ៊ីចឹងទៅគេឲ្យយើងដោះក្រមា ឬស្លៀកខ្លី ដូច្នេះពួកខ្ញុំធ្វើអត់បាន»។
លីម៉ា រំពឹងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនឯកជន នឹងជួយសម្របសម្រួល និងមានការបន្ធូរបន្ថយ ឲ្យនិស្សិតនារីខ្មែរ-ឥស្លាម អាចបម្រើការងារដោយមិនស្លៀកខ្លី និងអាចទទូរក្រម៉ាបាន ព្រោះតែសាសនារបស់ឲ្យពួកគេ ស្លៀកពាក់បិទបាំងរៀងកាយឲ្យជិត។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះព្រោះតែបំពេញតាមប្រពៃណីរបស់បងប្អូនខ្មែរ-ឥស្លាម រាជរដ្ឋាភិបាលកម្ពុជា បានអនុគ្រោះដល់បងប្អូនខ្មែរ-ឥស្លាម អាចថតរូបថតធ្វើលិខិតស្នាមផ្សេងៗ ដោយអាចទទូរក្រម៉ា និងពាក់មួកបានថែមទៀតផង៕