(ភ្នំពេញ)៖ ក្នុងសង្គមយើងមានរឿងរ៉ាវច្រើនណាស់ ដែលអាចដោះស្រាយបានតាមរយៈការបង្ហាញភាពទន់ភ្លន់ ស្នាមញញឹម និងប្រកបដោយចេតនាល្អ ស្មោះសជាមួយគ្នា។ ប៉ុន្តែរឿងរ៉ាវជាច្រើនបែរក្លាយទៅជារឿងស្មុគស្មាញកាន់តែខ្លាំងឡើងដោយសារតែពួក អ្នកបន្ទរពីក្រោយតាមបែបស៊ីជោរ និងឈូឆរតាមគ្នា។ ករណីកាសែត ខេមបូឌាដេលី ប្រសិនបើម្ចាស់កាសែតនេះ បង្ហាញភាពទន់ភ្លន់ តាំងពីដើមទី ដូចដែលគេបានធ្វើពេលនេះ ប្រហែលជារឿងរ៉ាវអាចដោះស្រាយបានរួចរាល់ហើយ។

ប៉ុន្តែទាំងម្ចាស់កាសែតទាំងសង្គមស៊ីវិលមួយចំនួន ទាំងបរទេសខ្លះ និងទាំងអ្នកដែលតាំងខ្លួនថា ជាអ្នកស្រឡាញ់សេរីភាពសារព័ត៌មាន មួយចំនួនផងនោះ បែរជាជោរតាមគ្នា ដោយបើកការវាយប្រហារទៅលើរាជរដ្ឋាភិបាលថា ប៉ុនប៉ងបិទកាសែតនេះដើម្បីបំបាត់សំឡេង រិះគន់ទៅវិញ។ ពួកគេបានបើកយុទ្ធនាការព្រមៗគ្នាដោយចងភ្ជាប់រឿងនេះ ទៅនឹងការបិទវិទ្យាស្ថាន NDI និងការចាប់ខ្លួនលោក កឹម សុខា ជាដើម។ ចេតនារបស់ក្រុមស៊ីជោរ ឈូឆរតាមគ្នាទាំងនោះដែលមានវិទ្យុអាស៊ីសេរីចាំបំពងសំឡេង គឺធ្វើយ៉ាងណាឲ្យគេមើលឃើញថា រដ្ឋាភិបាលកំពុងព្យាយាមបំបិទសេរីភាពសារព័ត៌មានដើម្បីផលប្រយោជន៍នយោបាយ ដោយបំភ្លេចចោលទាំងស្រុងនូវកំហុសប៉ុនភ្នំ របស់កាសែត ខេមបូឌាដេលី ដែលជំពាក់ពន្ធរដ្ឋយ៉ាងសន្ធឹកសន្ធាប់រហូតដល់ជាង៦លានដុល្លារ។

តើវាមានផលប្រយោជន៍អ្វីដែលរដ្ឋាភិបាល ទៅបិទកាសែតបរទេសមួយដែលមានអ្នកអានប៉ុន្មានពាន់នាក់ហើយភាគច្រើនលើសលុបគឺជា ជនបរទេសនោះ? តើប្រជាពលរដ្ឋខ្មែរប៉ុន្មានាក់ដែលអានកាសែតនេះ? ដល់ពេលអង្ករក្លាយជាបាយទើបស្តាយក្រោយហើយបែរជា សរសេរលិខិតសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ដោយទទួលស្គាល់កំហុស និងចង់មានដំណោះស្រាយសមស្រប។ ចុះត្រង់ខ្លួននិងបក្ខពួកខ្លួន យកទឹកខ្មៅទៅជះលើអាវសរបស់គេឲ្យប្រឡាក់ជោគជាំនោះ អាចនឹងងាយជម្រះឲ្យស្អាតវិញបានដែរឬទេ? មានរឿងជាច្រើនទៀត ដែលមានសភាពដូចគ្នានេះ បានកើតឡើងក្នុងសង្គមខ្មែរ។

ករណីលោក កឹម សុខា ក៏ដូចគ្នាដែរ។ ជំនួសឲ្យកិច្ចខិតខំរកដំណោះស្រាយដោយសន្តិវិធីដើម្បីជួយសម្រួលស្ថានការណ៍ឲ្យធូរស្រាល និងជួយដោះបន្ទុកលោក កឹម សុខា ពួកមុខដដែលៗកំពុងតែព្យាយាមដុតកម្តៅបញ្ហាឲ្យកាន់តែឆេះក្តៅឡើងដែលធ្វើឲ្យលោក កឹម សុខា កាន់តែវ័ណ្ឌកទៅវិញ។ បក្សប្រឆាំងប្រាកដជាដឹងច្បាស់ណាស់ថា ការរៀបចំឲ្យសកម្មជនរបស់ខ្លួនធ្វើបាតុកម្មនៅក្រៅប្រទេសគ្មានឥទ្ធិពល អ្វីទៅលើរដ្ឋាភិបាល និងទៅលើតុលាការរបស់ប្រទេសកម្ពុជាទេ ហើយក៏មិនមែនជាវិធីជួយសម្រាលបន្ទុកដល់ លោក កឹម សុខា ដែរ។ ប៉ុន្តែពួកគេនៅតែធ្វើដោយមិនខ្វល់ពីផលវិបាកអ្វីទាំងអស់។

គោលបំណងរបស់ក្រុមនេះ គឺធ្វើឲ្យតែមានសំឡេងឆូងឆាំង កុំឲ្យប្រទេសនេះស្ងប់ស្ងាត់ កុំឲ្យប្រជាជនប្រទេសនេះរស់នៅសុខស្រួល ពីព្រោះរាល់ពេលស្ងប់ស្ងាត់ និងសុខសប្បាយពួកគេគិតថា ជាអំណោយផលដល់រដ្ឋាភិបាលបក្សកាន់អំណាចតែមិនអំណោយផល ដល់នយោបាយរបស់ខ្លួនឡើយ។ ដូច្នេះហើយបានជាពួកគេបង្ក និងបង្កើតបញ្ហាជានិច្ចរួចហើយបំប៉ោងសភាពការណ៍ដើម្បីរុញឲ្យដល់ ស្ថានភាពតានតឹងមួយ ហើយរកលេសទម្លាក់កំហុសលើរដ្ឋាភិបាលបក្សកាន់អំណាច។ ការប្រើប្រាស់យុទ្ធសាស្ត្រដដែលៗបែបនេះ ក៏ព្រោះតែពួកគេយល់ឃើញថា ប្រជាពលរដ្ឋខ្មែរនៅមានការយល់ដឹងទាប ឆាប់ជឿ ឆាប់ផ្អើលឈូឆរតាមការញុះញង់និងការបង្អើល របស់ខ្លួន។

ចំណុចនេះត្រូវបានបក្សប្រឆាំងដោយមានបងធំបរទេសនៅពីក្រោយខ្នង ចាត់ទុកជាគន្លឹះក្នុងការឈានទៅផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ដូច្នេះហើយបានជារាល់ពេលមានបញ្ហាណាមួយកើតឡើង រាប់ទាំងបញ្ហាដីធ្លី និងបញ្ហាផ្សេងទៀត ក្រុមបក្សប្រឆាំងដែល មានបណ្តាញ របស់ខ្លួនប្រទាក់ក្រឡាគ្នាក្នុងសង្គមស៊ីវិល និងប្រព័ន្ធផ្សាយព័ត៌មាន តែងតែដុតបន្ថែមដោយពេលខ្លះមានការរៀបចំឲ្យ មានតួសម្តែងបានយ៉ាងល្អ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណៈមតិជាតិ និងអន្តរជាតិ។ សូម្បីករណីទៅយកដីគេសោះហើយ តុលាការកាត់ឲ្យម្ចាស់ដីឈ្នះ ក៏គេអាចកាឡៃឲ្យទៅជារឿងអយុត្តិធម៌មួយ ដើម្បីទម្លាក់កំហុសលើអាជ្ញាធររដ្ឋាភិបាលដោយប្រើប្រាស់ សំឡេង យំស្រែកជាឧបករណ៍ទាក់ទាញ...  ពួកគេកេងចំណេញនយោបាយតាមរយៈការកាឡៃសាច់រឿង បង្វែនិងបំភាន់សាធារណៈជន ឲ្យមើលឃើញជនល្មើសថា ជាជនរងគ្រោះទៅវិញ។ ល្បិចនេះពិតជាស៊ីជម្រៅណាស់ ដែលមនុស្សជាច្រើនមើលមិនឃើញឡើយ ជាពិសេស ពពួកមនុស្សដែលចូលចិត្តស៊ីជោរ ចូលចិត្តផ្អើលឈូឆរតាមគេពីព្រោះតែខ្លួនឯងគ្មានសមត្ថភាពពិចារណារកហេតុផល និងរកខុសត្រូវដោយខ្លួនឯងបាន។
 
មិនត្រឹមតែមើលមិនឃើញល្បិចកលកខ្វក់នេះប៉ុណ្ណោះទេ តែអ្នកខ្លះថែមទាំងជឿស្លុងតាមឧបាយកលរៀបចំរបស់គេថែមទៀត។ យ៉ាងណា ក៏ដោយ ល្បិចកលអស់ទាំងនេះតែងត្រូវបានទប់ស្កាត់ និងបំបែកមុនពេលដែលពួកគេធ្វើបានសម្រេច។ ដូច្នេះគួរតែដល់ពេលហើយ ដែលបក្សប្រឆាំងបញ្ឈប់ការប្រើប្រាស់ ល្បិចកលស្មោគគ្រោគទាំងនេះតទៅទៀត។ វាក៏ដល់ពេលហើយដែរដែលពលរដ្ឋខ្មែរគួរនាំគ្នា ប្រើបញ្ញាតាមមាគ៌ារបស់ព្រះពុទ្ធបរមគ្រូ ដើម្បីពិចារណាទៅលើហេតុការណ៍ណាមួយឲ្យបានច្បាស់លាស់មុននឹងដាក់ចិត្តជឿពីព្រោះ វប្បធម៌ ស៊ីជោរ ឈូឆរ មិនត្រឹមតែមិនផ្តល់ផលល្អ ថែមទាំងធ្វើឲ្យវ័ណ្ឌកកាន់តែខ្លាំងថែមទៀត។ សម័យនេះទៅហើយ ល្បិចដណ្តើម អំណាចតាមខ្សែញាក់របស់បរទេសគួរតែត្រូវបិទបញ្ចប់។

ខ្មែរគួរបើកទំព័រប្រវត្តិសាស្ត្រថ្មីដើម្បីភាពចម្រុងចម្រើន នៃប្រទេសជាតិរបស់ខ្លួនក៏ដូចជា ដើម្បីអនាគតកូនចៅជំនាន់ក្រោយ ដោយឈរលើមូលដ្ឋានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដែលប្រទេសយើងកម្ររកបាន៕

ដោយ៖ សូរ គងជ័យ