(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នៅថ្ងៃព្រឹកថ្ងៃទី១២ ខែកញ្ញានេះ បានដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរពេទ្យព្រះអង្គឌួង ចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់កម្មករ-កម្មការិនី ជាង២,០០០នាក់ នៅរោងចក្រសម្លៀកបំពាក់ សិន តៃ ហ្គាមិន ដែលស្ថិតនៅ ផ្លូវរទេះភ្លើង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «ថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើង បានចុះមកពិនិត្យព្យាបាលជំងឺដល់បងប្អូនកម្មករ-កម្មការិនី ដល់រោងចក្រតែម្ដង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យរបស់យើង នឹងទទួលពិនិត្យព្យាបាលជំងឺគ្រប់មុខ បំពង់ករ ភ្នែក ច្រមុះ លើសឈាម ផ្លូវដង្ហើម ជំងឺទូទៅផ្សេងទៀត ហើយបើអាការៈធ្ងន់ធ្ងរ យើងនឹងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយមិនយកកម្រៃនោះទេ »។
រដ្ឋមន្ដ្រីថ្លែងបន្ដថា «នេះជាយុទ្ធនាការដែលយើងបានដាក់ចេញកន្លងមកនេះ បន្ទាប់ពីក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានពិភាក្សារៀបចំ ចុះពិនិត្យសុខភាពទូទៅ ជូនកម្មករ-កម្មការិនី នៅតាមរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ ដែលមានរោងចក្រធំៗមួយចំនួន មានកម្មករ-កម្មការិនីបម្រើការច្រើន ដោយរាជរដ្ឋាភិបាល ជាអ្នកចេញថ្លៃជួសនោះ ហើយក៏ដើម្បីឆ្លើយតបនឹងការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យក្រុមគ្រូពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺ និងមានគុណធម៌ ពិសេសត្រូវចាត់ទុកអ្នកជំងឺ ដូចជាអាយុជីវិតរបស់ខ្លួននោះ ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ នឹងសហការគ្នា ដោយយកចិត្ដទុក្ខដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខមាលភាពជូនដល់អ្នកជំងឺ គ្រប់ពេលវេលា ផងដែរ»។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បន្ដថា សម្រាប់ការចុះពិនិត្យព្យបាលជំងឺជូនកម្មករកម្មការិនី នៅរោងចក្រសម្លៀកបំពាក់ សិន តៃនេះ នៅក្នុងរាជធានីភ្នំពេញនេះ ជាលើកដំបូងគេបង្អស់នៃយុទ្ធនាការ ហើយសម្រាប់នៅតាមបណ្ដាខេត្ដ គឺបានចុះទៅខេត្ដកំពង់ចាមមុនគេ ហើយសម្រាប់យុទ្ធនាការបន្ដទៀត នឹងចុះពិនិត្យព្យាបាលកម្មករកម្មការិនី នៅតាមរោងចក្រ ក្នុងខេត្ដចំនួន១០ទៀត ។
ទន្ទឹមនឹងនោះ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែងថា «ខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញយើង នៅសប្ដាហ៍ក្រោយៗទៀត នឹងបន្ដចុះពិនិត្យព្យាបាលជំងឺ ជូនកម្មករ-កម្មការិនី ដោយឥតគិតថ្លៃ នៅតាមបណ្ដារោងចក្រផ្សេងទៀត ដែលស្ថិតក្នុងរាជធានីភ្នំពេញ »។
ព្រមជាមួយគ្នានោះ លោកស្រី យក់ សម្បតិ្ដ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសុខាភិបាល ក៏បានចុះទៅពិនិត្យមើលការព្យាបាល របស់ក្រុមគ្រូពេទ្យ ជូនកម្មករ-កម្មការិនី និងណែនាំ ឲ្យពួកគាត់ចេះពីរបៀបថែមទាំសុខភាព ហើយបើមានស្ថានភាពមិនស្រួល មកទទួលសេវាពិនិត្យសុខភាព នៅមន្ទីររដ្ឋមក មិនអស់ថវិកាព្យាបាលទេ ហើយគ្រូពេទ្យ នឹងយកចិត្ដទុកដាក់បងប្អូន ដូចនឹងអ្នកបង់ថ្លៃសេវាព្យាបាលដូចគ្នា គឺមិនទុកបងប្អូនចោលនោះទេ។
ចំណែក កម្មការិនីមួយរូប ក្នុងចំណោមកម្មការិនីនៃរោងចក្រ សិន តៃ ក៏បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នា ជួយដោះស្រាយភាពលំបាក របស់ពួកគាត់ទាំងអស់គ្នា ហើយកាលពីកន្លងទៅក៏គាត់ ក៏បានទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួងបានពីរដងផងដែរ គឺខាងមន្ទីរពេទ្យមិនយកលុយនោះទេ៕