(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ជប៉ុននឹងលើកកម្ពស់ វិស័យការពារជាតិកម្ពុជាបន្ថែមទៀត ទាំងផ្នែកធនធានមនុស្ស និងសម្ភារយោធា។ សម្តេចបានបន្ថែមថា ប្រទេសជប៉ុននឹងបំពាក់ សម្ភារមួយចំនួន ដល់ក្រសួងការពារជាតិកម្ពុជា ខណៈភាគីទាំងពីរ សន្យារក្សាសន្តិសុខ ក្នុងតំបន់រួមគ្នា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុននឹងធ្វើដំណើឆ្ពោះទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំ អនុរដ្ឋមន្រ្តីការពារជាតិ អាស៊ាន-ជប៉ុន នាយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា នៅក្នុងដំណើទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសជប៉ុននោះ សម្តេចនឹងជួបពិភាក្សា ការងារមួយចំនួន ជាមួយនិង លោក អ៊ីនណាថា គូម៉ូមី រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន ដើម្បីពិភាក្សាគ្នា អំពីបញ្ហាសន្តិសុខ ក្នុងតំបន់ក៏ដូចជាពិភពលោក។

សម្តេចពិជ័យសេនាទៀ បាញ់ បន្តថា ភាគីទាំងពីរក៏នឹងពិភាក្សាអំកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកងទ័ព នៃប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានោះ សម្តេច បានលើកឡើថា នៅក្នុងកម្មវិធីចូលរួមកិច្ចប្រជុំនោះ សម្តេចពិជ័យសេនា ក៏ត្រូវបានរដ្ឋមន្រ្តីក្រសួងការពារ ជាតិជប៉ុន ឲ្យថ្លែងសន្ទរកថា ស្តីអំពីសន្តិភាព និងវិស័យការពារជាតិកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជាមួយភាគីប្រទេស ដែលបានចូលរួម។

សូមរំលឹកថា កិច្ចប្រជុំអនុរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន និងអាស៊ាននេះគឺនឹងធ្វើឡើងចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ហើយកិច្ចប្រជុំនេះនឹងធ្វើឡើងជារៀងរាល់ឆ្នាំ៕