(ភ្នំពេញ)៖ ​ក្រោយទទួល​បានសេចក្ដីជូនដំណឹង របស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, កម្លាំងនគរបាលតាមបណ្តាខណ្ឌ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការជាបន្តបន្ទាប់ លើការចុះបង្ក្រាប និងតាមចាប់ម៉ូតូកែច្នៃខុសបច្ចេកទេស និងមិនមានភាពប្រក្រតីទាំងនេះ។

យោងតាមរបាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា សម្រាប់ខណ្ឌដូនពេញ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌចំការមន និងខណ្ឌសែនសុខ រយៈពេល៤ថ្ងៃមកនេះ ចាប់បានម៉ូតូសរុប១៤៧គ្រឿង ដែល​កែច្នៃបំពង់ស៊ីម៉ាំងឮខ្លាំង នាំរំខានដល់ប្រជាពលរដ្ឋ និងខ្លះកែច្នៃខុសលក្ខណៈ ទ្រង់ទ្រាយដើម ហើយខ្លះទៀតមានភាពមិនប្រក្រតី យកមកធ្វើការអប់រំ និងកិច្ចសន្យា។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃនេះបានឲ្យដឹងថា ប្រតិបត្តិការរយៈពេល៤ថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់លោក ចាប់បានម៉ូតូ១០៣គ្រឿង ក្នុងនោះកែច្នៃខុសលក្ខណៈបច្ចេកទេស និងខុសទ្រុងទ្រាយដើម២២គ្រឿង ហើយ៨១គ្រឿងទៀតមានភាពមិនប្រក្រតី ពីស្លាកលេខ និងម្ចាស់កម្មសិទ្ធិ។

ដោយឡែកលោក យ៉ិន សាន អធិការនគរបាលខណ្ឌចំការមន ក៏បានបញ្ជាក់នៅក្នុងសន្និសីទកាសែតផងដែរថា ប្រតិបត្តិការនេះកម្លាំងរបស់លោក ចាប់បានម៉ូតូសរុប៦គ្រឿង ហើយបានបង្ហាញជាសាធារណៈនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រមទាំងបានបញ្ជាឲ្យក្មេងទំនើងទាំងអស់នោះ ធ្វើការដោះដូរបំពង់ស៊ីម៉ាំង ដែលឮខ្លាំងចេញ និងដាក់បំពង់​ស៊ីម៉ាំង​ធម្មតា ចូលវិញដោយខ្លួនឯង​នៅនឹងកន្លែង រួចអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថា មិនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ ឲ្យឮខ្លាំងៗរំ​ខានដល់សាធារណជនទៀតឡើយ។

សម្រាប់លោក ហួត ចាន់យារ៉ាន់ អធិការខណ្ឌដូនពេញវិញ បានអះអាងថា ក្នុងរង្វង់ប្រតិបត្តិការដែលទើបចាប់ផ្ដើមបាន៤ថ្ងៃនេះ កម្លាំងនគរបាលរបស់លោក ចាប់បានម៉ូតូ៨គ្រឿង ដែលបានកែច្នៃ​ខុសលក្ខណៈបច្ចេកទេស ដោយដាក់បំពង់ស៊ីម៉ាំងឮខ្លាំង បង្កសម្លេងរំខានប៉ះពាល់​ដល់ប្រជាពលរដ្ឋ។

កាលពីម្សិលមិញលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានបង្ហាញនៅក្នុងសន្និសីទកាសែតថា កម្លាំងរបស់លោកបានធ្វើការបង្ក្រប និងឃាត់​ម៉ូតូស៊េរីទំនើបៗ ចំនួន៣០គ្រឿង ដែលម៉ូតូទាំងនោះមួយចំនួន អត់ស្លាកលេខ​, កែច្នៃបំពង់ស៊ីម៉ាំងបំពងសម្លេង​រំខាន ដល់អ្នកដំណើរតាមដងផ្លូវ ធ្វើឲ្យបាត់បងសណ្ដាប់ធ្នាប់សារធារណៈ, ម៉ូតូដែលកែច្នៃដៃចង្កូត និងទ្រង់ទ្រាយដើម បំពាក់ភ្លើងឡាស័រជាដើម។

យ៉ាងណាមិញជុំវិញរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញមិនបានធ្វើការផាកពិន័យដល់ម្ចាស់ម៉ូតូទាំងនោះទេ ដោយគ្រាន់ធ្វើកិច្ចសន្យាអប់រំ និងតម្រូវឲ្យធ្វើការផ្លាស់ប្ដូរមកលក្ខណៈទ្រុងទ្រាយដើមវិញនៅនឹងកន្លែងតែម្ដង ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្ដែបើធ្វើកិច្ចសន្យាលើកទី១នេះ មិនរៀងចាលប្រសិនបើចាប់បានលើកក្រោយទៀតនោះ កម្លាំងនគរបាលនឹងធ្វើការផាកពិន័យទៅតាមច្បាប់កំណត់។

សូមជម្រាបថា ​នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រកាសឲ្យម្ចាស់យានយន្ដ និងទោចក្រយានយន្ដ ដែលបានភ្ជាប់ស៊ីរ៉ែន ស៊ីផ្លេ និងបំពង់ស៊ីម៉ាំង ឬកែច្នៃបំពង់ស៊ីម៉ាំង បង្កជាសម្លេងរំខាន ត្រូវដោះចេញ ឬផ្លាស់ប្ដូរមកជាទ្រង់ទ្រាយដើមវិញ តាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ ដោយទុករយៈពេល២សប្ដាហ៍។

ក្នុងលិខិតដដែលនេះ លោក ឃួង ស្រេង បានបញ្ជាក់ដល់ទីតាំងកែច្នៃ និងបំពាក់ឧបករណ៍ទាំងអស់នេះដល់យានយន្ដ និងទោចក្រយានយន្ដគ្រប់ប្រភេទ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាប់ មុនអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់៕

ខាងក្រោមនេះម៉ូតូកែច្នៃ និងមានភាពមិនប្រក្រតីត្រូវបានបង្ហាញ នៅអធិការខណ្ឌចំការមន

ខាងក្រោមនេះម៉ូតូកែច្នៃ និងមានភាពមិនប្រក្រតីត្រូវបានបង្ហាញ នៅអធិការខណ្ឌសែនសុខ

ខាងក្រោមនេះ ម៉ូតូកែច្នៃ និងមានភាពមិនប្រក្រតីត្រូវបានបង្ហាញ នៅអធិការខណ្ឌដូនពេញ